ប្រធានាធិបតីអាមេរិកលោក Donald Trump បានសន្យាថានឹងពិនិត្យមើលថា តើវាអាចទៅរួចដែរឬទេ? ក្នុងការផ្តល់ឱ្យអ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាស Patriot បន្ថែម ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកក៏ត្រូវការវាផងដែរ។
លោកTrump បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងឡាអេ នៅថ្ងៃទី 25 ខែមិថុនា ។

លោក Trump បានឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតអ៊ុយក្រែនម្នាក់ ដែលបានសួរថាតើសហរដ្ឋអាមេរិកបានត្រៀមលក្ខណៈលក់ប្រព័ន្ធ Patriot ដល់អ៊ុយក្រែនដែរឬទេ? ប្រធានាធិបតីបានសួរជាលើកដំបូងថា តើលោកស្រីរស់នៅក្នុងប្រទេសអ៊ុយក្រែនឬអត់? ។ អ្នកកាសែតបានឆ្លើយថា បច្ចុប្បន្ននាងកំពុងរស់នៅក្រៅប្រទេសជាមួយកូន ខណៈប្តីនៅអ៊ុយក្រែន។ បន្ទាប់មក Trump បានសួរថាតើប្តីរបស់នាងកំពុងបម្រើជាទាហានហើយនៅជួរមុខ។ លោកប្រធានាធិបតីបាននិយាយថា «មែនហើយ នោះជារឿងអាក្រក់មែនទេ?»។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកក៏ត្រូវការអាវុធដែលមានប្រសិទ្ធភាពដូចប្រព័ន្ធ Patriot ដែរ។

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ អ៊ុយក្រែនបានស្នើទិញប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ Patriot ជាច្រើនពីសហរដ្ឋអាមេរិក ដើម្បីការពារប្រឆាំងនឹងការវាយប្រហារដោយមីស៊ីលរុស្ស៊ីទ្រង់ទ្រាយធំ។
កាលពីដើមខែនេះ ភាគីអ៊ុយក្រែនបានប្រគល់ឱ្យរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក Scott Bessent នូវបញ្ជីអាវុធដែលអ៊ុយក្រែនត្រូវការ រួមទាំងវត្ថុដែលអ៊ុយក្រែនត្រៀមទិញពីសហរដ្ឋអាមេរិកផងដែរ។
ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ធ្លាប់បាននិយាយ ថាគាត់មានបំណងពិភាក្សាអំពីការទិញកញ្ចប់ការពារថ្មីជាមួយ លោកTrump ៕
