ប៉ូលិសថៃបានចាប់ខ្លួនជនជាតិចិនម្នាក់នៅក្នតំបន់ Pattaya ដែលជាបុគ្គលស្ថិតក្នុងបញ្ជីតាមចាប់ខ្លួនកម្រិតខ្ពស់បំផុត (Red Notice) របសអង្គការ In ដោយបញ្ចប់ការគេចវេះពីការចាប់ខ្លួនអស់រយៈពេលជាង ៣ ទសវត្សរ៍។ ជនសង្ស័យរូបនេះក៏ត្រូវបានគេរាយការណ៍ថា បានទិញសញ្ជាតិថៃដោយខុសច្បាប់កាលពីប៉ុន្មានទសវត្សរ៍មុនផងដែរ។

អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក Samran Nualma បានដឹកនាំប្រតិបត្តិការនេះ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ Noppasin Poolsawasdi និងក្រុមការងារចម្រុះ ដើម្បីចាប់ខ្លួនលោក Zhu (ដែលគេស្គាល់ផងដែរថាជា “Suchart”) នៅឯលំនៅដ្ឋានរបស់គាត់ក្នុតំបន់ Nong Prue ស្រុក Banglamung។ លោក Zhu គឺជាជនដែលត្រូវបានតាមចាប់ខ្លួនតាមរយៈសេចក្តីជូនដំណឹងពណ៌ក្រហមរបស់ Interpol និងដីកាដែលចេញដោយតុលាការខេត្ត Pattaya (លេខ 509/2569)។ គាត់ត្រូវបានចោទប្រកាន់ពីបទបង្ករបួសស្នាមដោយចេតនានៅទីក្រុង Taizhou ខេត្ត Zhejiang ប្រទេសចិន កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៩០។

ក្រុមអ្នកស៊ើបអង្កេតបានបង្ហាញថា លោក Zhu ត្រូវបានគេចោទប្រកាន់ថាបានទទួលសញ្ជាតិថៃដោយខុសច្បាប់។ ក្នុងអំឡុងពេលសាកសួរ គាត់បានសារភាពថាបានបង់ប្រាក់ប្រហែល ៥០,០០០ បាត ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណថៃនៅក្នុងខេត្ត Tak កាលពីប៉ុន្មានទសវត្សរ៍មុន។ អាជ្ញាធរកំពុងស៊ើបអង្កេតថាតើមានមន្ត្រី ឬអ្នកសម្របសម្រួលណាមួយបានជួយសម្រួលដល់ដំណើរការក្លែងបន្លំនេះឬទេ និងថាតើមានករណីស្រដៀងគ្នានេះកើតឡើងចំពោះជនបរទេសផ្សេងទៀតដែរឬទេ។

បន្ទាប់ពីទទួលបានអត្តសញ្ញាណបណ្ណជាជនជាតិថៃ លោក Zhu បានរស់នៅក្នុងប្រទេសថៃដោយបើកចំហ ដោយធ្វើការជាមគ្គុទ្ទេសក៍ទេសចរណ៍ និងក្រោយមកបានពង្រីកអាជីវកម្មទៅក្នុងវិស័យទេសចរណ៍។ ទីបំផុត គាត់បានតាំងទីលំនៅក្នុងទីក្រុង Pattaya រៀបការជាមួយស្ត្រីជនជាតិចិនម្នាក់ និងមានកូនភ្លោះ។
អាជ្ញាធរបានរកឃើញថា លោក Zhu បានគ្រប់គ្រងក្រុមហ៊ុនជាច្រើន និងបានប្រមូលផ្តុំទ្រព្យសម្បត្តិសំខាន់ៗ រួមទាំងដីឡូត៍ចំនួន ១៧ នៅក្នុងតំបន់ Banglamung ដែលមានតម្លៃជាង ១០០ លានបាត រួមជាមួយនឹងយានយន្តជាច្រើនគ្រឿង។ ក្រុមអ្នកស៊ើបអង្កេតកំពុងតាមដានប្រភពដើមនៃការកាន់កាប់ទាំងនេះ ដើម្បីកំណត់ពីភាពស្របច្បាប់របស់ពួកគេ។

ការចាប់ខ្លួននេះបានកើតឡើងបន្ទាប់ពីការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងប៉ូលីសថៃ ក្រសួងការបរទេស និងអាជ្ញាធរចិន ដែលបានស្នើសុំការធ្វើបត្យាប័នក្រោមការជូនដំណឹងរបស់ Interpol។ លោក Zhu ត្រូវបានប្រគល់ជូនទៅស្ថានីយ៍ប៉ូលីស Banglamung សម្រាប់នីតិវិធីផ្លូវច្បាប់បន្ថែមទៀត ដោយការធ្វើបត្យាប័នត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅពេលក្រោយ។