Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

ឯកឧត្តមអភិបាលខេត្តសៀមរាប ជួបសម្ដែងការគួរសម ជាមួយប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅសណ្ឋាគារសូហ្វីតែលអង្គរភូគីត្រា ខេត្តសៀមរាប

សៀមរាប: នាថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅខេត្តសៀមរាប។


ឯកឧត្តម ប្រាក់ សោភ័ណ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំង និងប្រជាជនទូទាំងខេត្តសៀមរាប សូមសម្ដែងនូវការស្វាគមន៍ យ៉ាងកក់ក្ដៅបំផុតជូនចំពោះ ឯកឧត្តម មីន អោងឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិកជាន់ខ្ពស់គណៈប្រតិភូអមដំណើរទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកបំពេញទស្សនកិច្ចមកកាន់ខេត្តសៀមរាប ដែលជាទឹកដីវប្បធម៌ និងប្រវត្តិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ទោះបីជារយៈពេលដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ប្រធានាធិបតី និងគណៈប្រតិភូទាំងអស់ មាន ពេលកំណត់ក៏ដោយ ក៏ប៉ុន្តែដំណើរទស្សនកិច្ចនេះ បានលើកទឹកចិត្ត និងផ្ដល់នូវមោទនភាពយ៉ាងក្រៃលែង សម្រាប់ខ្ញុំផ្ទាល់ជាថ្នាក់ដឹកនាំខេត្ត និងសហការីទាំងអស់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទូទៅក្នុងខេត្តសៀមរាប ។  ឯកឧត្តមអភិបាលខេត្ត សង្ឃឹមថា ឯកឧត្តមប្រធានាធិបតី និងគណៈប្រតិភូទាំងអស់ នឹងទទួលបាននូវបទពិសោធន៍ដ៏ល្អជាមួយនឹងទស្សនីយភាពនៃតំបន់ប្រាសាទបេតិកភណ្ឌពិភពលោក និងបរិយាកាស រស់នៅនៃខេត្តសៀមរាប-អង្គរទេសចរណ៍ដ៏ប្រណិតមួយនេះ។
ឯកឧត្តមប្រធានាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត និងប្រជាជនកម្ពុជាខេត្តសៀមរាប ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ ប្រកបដោយភាពស្និទ្ធស្នាល និងភាតរភាព។
ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ឯកឧត្តម មីន អោង ឡាំង បានអញ្ជើញទស្សនាប្រាង្គប្រាសាទបុរាណខ្មែរ ជាពិសេសប្រាសាទអង្គរវត្ត និង ប្រាសាទបាយ័ន ព្រមទាំងបានកោតសសើរ នូវស្នាដៃស្ថាបត្យករ នៃដូនតាខ្មែរ កសាងឡើងនូវមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន សំខាន់ លើភាពស្រស់ស្អាតនៃសំណង់ ដែលលម្អទៅក្បាច់   រចនាដ៏ល្អឥតទាល់ឡើយ ៕