កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់ មន្ត្រីពាក់ព័ន្ធ ឱ្យជួយធ្វើការផ្សព្វផ្សាយអំពីចរិតលក្ខណៈនៃបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) ដើម្បីការពារប្រជាពលរដ្ឋកុំឱ្យធ្លាក់ក្នុងល្បិចកលរបស់ ជនខិលខូច។

ថ្លែងបែបនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សា ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៤ កញ្ញា ២០២៦ ក្រោមវត្តមានឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សាខេត្ត ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ល្បិចកលពេញនិយម របស់ជនឆបោកតាមបច្ចេកវិទ្យា គឺការបង្កើតស្នេហាក្លែងក្លាយ ដោយជនល្មើស ប្រើប្រាស់រូបថតអ្នកដទៃ ដែលស្អាត/សង្ហារ រួចផ្ញើកាដូបញ្ឆោត ឬបង្កើតសាច់រឿងកំសត់ ដើម្បីសុំខ្ចីប្រាក់។ ការបញ្ឆោតឱ្យវិនិយោគក្លែងក្លាយតាមអនឡាញ សន្យាថានឹងផ្តល់ ប្រាក់ចំណេញខ្ពស់ក្នុងពេលរហ័ស។ ការផ្តល់ប្រាក់កម្ចីតាមអនឡាញ ការទិញ/លក់ ផលិតផលអនឡាញ និងការលួច (Hack)យកអាខោនតេឡេក្រាម ដើម្បីបោកប្រាស់ យកប្រាក់ពីអ្នកដទៃជាដើម ។
ឯកឧត្តមអភិបាលខេត្ត បានស្នើដល់មន្ត្រីពាក់ព័ន្ធ ត្រូវជុំរុញលើកទឹកចិត្តសូមឱ្យបងប្អូន ប្រជាពលរដ្ឋរាយការណ៍ជាបន្ទាន់ ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ឬ តាមរយៈកម្មវិធី “Kapea App” ប្រសិនបើមានការសង្ស័យ ឬរងគ្រោះដោយសារការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានលើកឡើងផងដែរថា បន្ទាប់ពីបានរៀបចំទម្រង់ថ្មី ការងារប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នឹងបន្តអនុវត្តន៍នូវជុំទី ៣ ចាប់ពីថ្ងៃស្អែកនេះតទៅ ខណៈជុំទី២ត្រូវបានបញ្ចប់ហើយនោះ ៕
