អ៊ុក ផ្លុង
សៀមរាប÷ដោយមាន សេចក្តីរាយការណ៍យ៉ាងច្បាស់ពីប្រជានេសាទថាមានការលួចប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ប្រភេទស្បៃមុងដាក់ ក្នុង

ព្រៃ ជាច្រើនរបាំង ។ ភ្លាមៗ នោះ នៅថ្ងៃ ច័ន្ទ ទី ០៧ ខែកញ្ញា ឆ្នាំ ២០២៦ លោក អនុសេនីយ៍ ទោ ឃ្លាំង ទិត្យ មេបញ្ជាការវីរៈសេនាតូច ៤៤៣ នៃតំបន់ប្រតិបត្តិការសឹករងខេត្ត សៀមរាប បានដឹកនាំកម្លាំង សហការជាមួយរដ្ឋបាលជលផលដែល ដឹកនាំដោយ លោក សរ ម៉ាប់ នាយរងផ្នែករដ្ឋបាលជលផលដំដែក ក្នុងនោះមាន នាយសង្កាត់រដ្ឋជលផល និងប្រធានសហគមន៍នេសាទ ស្ទឹងជ្រៅ ចូលរួម កម្លាំង សរុប ចំនួន ១២ នាក់ មធ្យោបាយធ្វើ ដំណើរ ដោយកាណូតចំនួន ២ គ្រឿង។ កិច្ចប្រតិបត្តិការនេះបានចុះបង្រ្កាប បទល្មើសនេសាទ នៅ ចំណុច កំពីងតាអុក ស្ថិតក្នុងភូមិស្ទឹងជ្រៅ ឃុំ អន្លង់សំ ណរ ស្រុក ជីក្រែង ខេត្ត សៀមរាប។ កិច្ចសហប្រតិបត្តិការ នេះ ជាលទ្ធផល បង្រ្កាប ដោយកាប់បំផ្លាញឧបករណ៍នេសាទខុសប្រភេទស្បៃមុងដោយកាប់បំផ្លាញនៅនឹងកន្លែងចំនួន១ ករណី។
នេសាទឧបករណ៍ស្បៃមុង
កាប់បំផ្លាញក្បាលលូស្បៃមុង ចំនួន ៥ គ្រឿង
កាប់បំផ្លាញរបាំងស្បៃមុងប្រវែង ៦០០ ម៉ែត្រ
កាប់បំផ្លាញបង្គោលចម្រឹង ចំនួន ២០០ ដើម
បន្លែងកូនត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញចំនួន ៣០ គីឡូក្រាម។ ពាក់ព័ន្ធករណីខាងលើនេះ ប្រជានេសាទត្រែកអរ យ៉ាងខ្លាំង ពួកគាត់ថាការនេសាទត្រីដោយប្រើឧបករណ៍ ស្បៃមុងធ្វើឲ្យត្រីឆាប់ផុតពូជព្រោះឧបករណ៍នេះក្រឡាញឹកណាស់ ជាពិសេសរដូវត្រីពងកូន វាអាចនេសាទមិនថាត្រីតូចប៉ុណ្ណាក៏ជាប់ដែរ។
ម្យ៉ាងវិញទៀត កូនត្រីដែលនេសាទបានមិនមែនសម្រាប់មនុស្សបរិភោគទេ វាត្រូវបានគេយកធ្វើជាចំណីត្រីឆ្ដោតែប៉ុណ្ណោះ។ ជាចុងក្រោយ លោក អនុសេនីយ៍ទោ ឃ្លាំង ទិត្យ និង លោក សរ ម៉ាប់ បានប្រាប់អ្នកសារព័ត៌មានថា ពួកលោកនៅតែបន្តបង្រ្កាបបទល្មើសធនធានជលផលគ្រប់ប្រភេទ ក្នុងគោលបំណងថែរក្សាលំនឹងអេកូឡូស៊ី ជាពិសេសរដូវត្រីពងកូន៕