កំពង់ចាម: ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ កញ្ញា ២០២៦ បានអញ្ជើញប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពង់ចាម ឆ្នាំ២០២៦-២០៣០» ដែលជាខេត្តគោលដៅជាទី៦ ខណៈផែនការនេះ គឺជា
លទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងជាការបង្ហាញឱ្យឃើញនូវឆន្ទៈរបស់ខេត្តក្នុងការប្រែក្លាយសក្តានុពលដែលមានស្រាប់ ឱ្យទៅជាផលិតផល និងបទពិសោធទេសចរណ៍ដែលមានតម្លៃបន្ថែមខ្ពស់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា ខេត្តកំពង់ចាម មានសក្តានុពលទេសចរណ៍ ដោយមានរមណីយដ្ឋាន ទេសចរណ៍ ចំនួន ១៣កន្លែង ក្នុងនោះ ធម្មជាតិ ៤កន្លែង ប្រវត្តិសាស្ត្រ ៦កន្លែង និងកែច្នៃ ៣កន្លែង និងមានប្រាសាទបុរណ ចំនួន ១៥កន្លែង។ ជាមួយគ្នានោះខេត្ត មានសណ្ឋាគារ ១៨កន្លែង ផ្ទះសំណាក់ ១០៣កន្លែង ភោជនីយដ្ឋាន ៣៥កន្លែង អាហារដ្ឋាន ៧៥កន្លែង ហាងលក់វត្ថុអនុស្សាវរីយ៍ ចំនួន ៧កន្លែង ផ្សាររាត្រី ១កន្លែង សហគមន៍ ១កន្លែង សម្រាប់បម្រើសេវាទេសចរជាតិ អន្តរជាតិឱ្យមកលេងកម្សាន្ត ជាក់ស្តែង ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ មានភ្ញៀវទេសចរមកទស្សនាក្នុងខេត្តកំពង់ចាម ប្រមាណជាង ៥លាន ១៣ម៉ឺននាក់ បើប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០២៥កន្លងទៅ គឺមានការកើនឡើង៤៥% ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ មានប្រសាសន៍ថា ខេត្តកំពង់ចាម ជាខេត្តមួយដែលមានសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប ទាំងផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ សាសនា និងធម្មជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានកត់សម្គាល់ឃើញថា រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តកំពង់ចាម បាននិងកំពុងយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ តាមរយៈការពង្រឹងគុណភាពសេវាកម្ម បដិសណ្ឋារកិច្ច អនាម័យ សោភ័ណភាព និងសុវត្ថិភាពទេសចរណ៍ សំដៅបង្កើនភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ វឌ្ឍនភាពដ៏ឆាប់រហ័សនេះ បានរួមចំណែកធ្វើឱ្យខេត្តកំពង់ចាម មិនត្រឹមតែក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងសេដ្ឋកិច្ចដ៏សំខាន់ ព្រមទាំងជាច្រកតភ្ជាប់យុទ្ធសាស្ត្ររវាងរាជធានីភ្នំពេញ និងបណ្ដាខេត្តភាគឦសានផងដែរ ៕
