ស្រះកែវ ថៃ ៖ទាហានថៃបានឃាត់ជនជាតិថៃ៣នាក់ និងចិន២នាក់ លួចចូលមកកម្ពុជា ដើម្បីធ្វើការនៅកាស៊ីណូ ហើយឃាត់ខ្លួនស្ត្រីថៃ២នាក់ ត្រឡប់មកវិញតាមផ្លូវខុសច្បាប់ពីល្បែងស៊ីសងនៅកាស៊ីណូនៅប៉ោយប៉ែត។នេះបើតាម កាសែតThe Nation។
ទាហានថៃបានស្ទាក់ចាប់ជនជាតិថៃបីនាក់និងបុរសចិនពីរនាក់ដែលប៉ុនប៉ងឆ្លងដែនខុសច្បាប់នៅខេត្តចាន់ថាបុរីដើម្បីធ្វើការនៅកាស៊ីណូក្នុងប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យ។
កងទ័ពដែលឈរជើងនៅ Ban Pa Wilai ក្នុងស្រុក Pong Nam Ron នៃខេត្ត Chanthaburi បានប្រទះឃើញរថយន្តភីកអាប់ធ្វើដំណើរតាមបណ្តោយផ្លូវធម្មជាតិ ហើយព្យាយាមឆ្លងព្រែក Pong Nam Ron ចូលទៅក្នុងទឹកដីកម្ពុជា។

រូបភាព៖កាសែតThe Nation
រថយន្តនោះត្រូវបានឃាត់ខ្លួន ហើយអ្នកបើកបរត្រូវបានចាប់ខ្លួន។ ជននោះត្រូវបានគេស្គាល់ឈ្មោះ Pakpoom អាយុ ៥២ឆ្នាំ មានទីលំនៅក្នុងខេត្ត Chanthaburi ។
កងទ័ពក៏បានចាប់ខ្លួនអ្នកដំណើរថៃបីនាក់និងចិនពីរនាក់ដែលធ្វើដំណើរតាមរថយន្ត។

រូបភាព៖កាសែតThe Nation
លោក Pakpoom បានប្រាប់អាជ្ញាធរថា ពួកគេទាំងប្រាំនាក់បានជួលគាត់ឱ្យរត់ពន្ធពួកគេឆ្លងដែនក្នុងតម្លៃ 600 បាត។ លោកថា ពួកគេមានបំណងធ្វើការនៅកាស៊ីណូក្នុងប្រទេសកម្ពុជា។
ជនសង្ស័យទាំង៦នាក់ ត្រូវបានសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ខេត្តចាន់ថាបុរី ចាត់ការតាមផ្លូវច្បាប់ ពីបទប៉ុនប៉ងចាកចេញពីប្រទេសដោយខុសច្បាប់។
នារីថៃពីរនាក់លួចចូលថៃ

រូបភាព៖ កាសែតThe Nation
នៅក្នុងករណីដាច់ដោយឡែកមួយ ស្ត្រីថៃពីរនាក់ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃសៅរ៍ពីបទប៉ុនប៉ងចូលប្រទេសថៃឡើងវិញដោយខុសច្បាប់នៅជិតច្រកព្រំដែន Klong Luek ក្នុងឃុំ Pa Rai ស្រុក Aranyaprathet ខេត្តស្រះកែវ។
ស្ត្រីទាំងនោះមានឈ្មោះ Juthawan មកពីទីក្រុងបាងកក និង Panadda មកពីខេត្ត Khon Kaen។
ឯកសារអន្តោប្រវេសន៍បានបង្ហាញថា ជូថាវ៉ាន់បានឆ្លងចូលប្រទេសកម្ពុជាដោយស្របច្បាប់ក្នុងខែមេសាឆ្នាំនេះ ហើយប៉ាណាដាបានធ្វើដូច្នេះនៅខែសីហា ឆ្នាំ២០២៣។
ស្ត្រីទាំងពីរនាក់បានប្រាប់សមត្ថកិច្ចថា ដើមឡើយពួកគេឆ្លងដែនទៅលេងល្បែងស៊ីសងក្នុងកាស៊ីណូ ប៉ុន្តែក្រោយពីបាត់លុយ ពួកគេធ្វើការនៅកាស៊ីណូរហូតដល់សម្រេចចិត្តត្រឡប់ទៅផ្ទះវិញ។ ពួកគេបានសារភាពថាបានប៉ុនប៉ងលួចឆ្លងកាត់ព្រំដែនវិញមុនពេលត្រូវបានចាប់ខ្លួន។