បាងកក៖ កាសែតThe Nation ថៃរាយការណ៍ថា នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra បាននិយាយថា កម្ពុជាប្រហែលជាមានការយល់ច្រឡំអំពីជំហររបស់ប្រទេសថៃ បន្ទាប់ពីទីក្រុងភ្នំពេញប្រកាសថាខ្លួននឹងបញ្ឈប់ការនាំចូលអគ្គិសនី និងអ៊ីនធឺណិតពីប្រទេសថៃ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ លោកស្រិ Paetongtarn បានបំភ្លឺថា ប្រទេសថៃមិនទាន់កាត់បន្ថយការផ្គត់ផ្គង់ណាមួយដល់កម្ពុជានៅឡើយទេ ដោយបន្ថែមថា ផែនការនេះកំពុងស្ថិតក្រោមការពិចារណា និងទាមទារការយល់ព្រមពីក្រុមប្រឹក្សាសន្តិសុខជាតិ។
ការលើកឡើងរបស់លោកស្រី ធ្វើឡើងបន្ទាប់ពីមេដឹកនាំកម្ពុជា រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានព្រឹទ្ធសភា សម្តេច ហ៊ុន សែន បានប្រកាសថា កម្ពុជានឹងបញ្ឈប់ការនាំចូលអគ្គិសនី និងអ៊ីនធឺណិតពីប្រទេសថៃ ចាប់ពីថ្ងៃសុក្រនេះតទៅ ដោយថាប្រទេសនេះមានសមត្ថភាពគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការក្នុងស្រុក។
ថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសថៃបាននិយាយថា ខ្លួនកំពុងពិចារណាកាត់ផ្តាច់អគ្គិសនី និងអ៊ិនធឺណិតដល់តំបន់ជាក់លាក់ក្នុងប្រទេសកម្ពុជា «ដែលត្រូវបានគេជឿថាជាម្ចាស់ផ្ទះប្រតិបត្តិការឆបោក និងការជួញដូរមនុស្ស» ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន។ នេះបើតាម The Nation ។
ចំណាត់ការនេះបានធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសថៃបានដាក់វិធានការត្រួតពិនិត្យព្រំដែនចំពេលមានភាពតានតឹងកើនឡើងជុំវិញតំបន់ជម្លោះព្រំដែន។ ប្រទេសទាំងពីរគ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃសៅរ៍ តាមរយៈគណៈកម្មាធិការព្រំដែនរួម (JBC) ដើម្បីពិភាក្សាអំពីបញ្ហានេះ នេះបើយោងតាមរដ្ឋាភិបាលថៃ។
#ThailandNews #Cambodia #ASEAN #Thailand #JBC
