Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និង អាជ្ញាធរសង្កាត់គោកចក ចុះសួរសុខទុក្ខនិងនាំយកអំណោយ ជូនគ្រួសារកងទ័ពជួរមុខត្រូវបានអគ្គីភ័យឆាបឆេះ

សៀមរាប: ព្រះវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងជាទីប្រឹក្សាពុទ្ធិកសមាគមកម្ពុជរដ្ឋ រួមលោកស្រី ឈិន សាវី ចៅសង្កាត់សង្កាត់គោកចកក្រុងសៀមរាបរួមនិងសហការីបាននិមន្តនិងអញ្ជើញចុះសួរសុខទុក្ខនិងនាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ព្រមទាំងថវិកា

ជូនដល់គ្រួសារកងទ័ពដែលកំពុងភារកិច្ចតាមបន្ទាត់ព្រំដែនខ្មែរថៃ នៅក្នុងភូមិគោកចាន់ ដែលត្រូវបានអគ្គីភ័យឆាបឆេះផ្ទះ កាលពីថ្ងៃទី៧ ខែ មិថុនា ឆ្នាំ២០២៦ ដោយសារបណ្ដាលមកពីទុសសេរខ្សែភ្លើង ធ្វើឲ្យខូចខាតផ្ទះសម្បែងនិងសម្ភារះជាច្រើនផងដែរ កាលពីរសៀលថ្ងៃទី ៨ ខែ មិថុនា ។
ព្រះវិចិត្រវង្សា ហែម គឹមសាន បានមានថេរដីកាថាគ្រោះធម្មជាតិ ឬឧបទ្ទវហេតុផ្សេងៗ គឺជារឿងដែលយើងមិនអាចមើលឃើញឬដឹងមុនឡើយហើយ វាបានបន្សល់ទុកនូវការខូចខាតទាំងទ្រព្យសម្បត្តិ និងផ្លូវចិត្ត  ។ ព្រះវិចិត្រវង្សា ហែម គឹមសាន ក៏បានមានថេរដីកាលើកទឹកចិត្តក្រុមគ្រួសារ សូមកុំអស់សង្ឃឹម អត់ធ្មត់ និងមានស្មារតីរឹងមាំឡើងវិញទោះបីជាផ្ទះសម្បែងត្រូវបាត់បង់ ប៉ុន្តែឱ្យតែយើងមានសុខភាពល្អ មានជីវិតរស់នៅ យើងនឹងអាចចាប់ផ្តើមសាងសង់វាឡើងវិញបាន ហើយ ព្រះសង្ឃ និងអាជ្ញាធរ ព្រមទាំងអ្នកភូមិផងរបងជាមួយ មិនបោះបង់ញាតិញោមចោលឡើយ។ ព្រះអង្គបន្ថែមថាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ព្រមទាំងថវិកាបន្តិចបន្តួចដែលយកមកប្រគល់ជូននាពេលនេះគឺជាកើតចេញពីសទ្ធាជ្រះថ្លារបស់ព្រះសង្ឃ និងសប្បុរសជន ដើម្បីមកសួរសុខទុក្ខ និងជួយសម្រាលទុក្ខលំបាករបស់ញាតិញោមមួយគ្រាហើយថ្វីត្បិតតែអំណោយទាំងនេះ វាមិនអាចប៉ះប៉ូវនូវអ្វីដែលបាត់បង់ទៅវិញទាំងអស់មែន ប៉ុន្តែវាជាទឹកចិត្ត សាមគ្គីភាព និងជាការចែករំលែកសុខទុក្ខគ្នាក្នុងនាមជាឈាមជ័រខ្មែរ និងក្នុងនាមព្រះពុទ្ធសាសនា។
ក្នុងនាមអាជ្ញាធរដែនដី លោកស្រី ឈិន សាវី ចៅសង្កាត់គោកចក ក៍បានមានប្រសាសន៍សម្តែងនូវសេចក្តីរំជួលចិត្ត និងសោកស្តាយជាខ្លាំង ចំពោះគ្រោះអគ្គិភ័យដែលបានបំផ្លិចបំផ្លាញផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់បងប្អូន ដែលនេះគឺជាទុក្ខលំបាកដ៏ធំធេងមួយ ដែលមិនមានអ្នកណាប្រាថ្នាចង់ជួបនោះឡើយ។ លោកស្រីចៅសង្កាត់គោកចក ក៏បានមានប្រសាសន៍សូមផ្តាំផ្ញើរនិងណែនាំដល់គ្រួសារដែលរងគ្រោះ សូមខិតខំថែរក្សាសុខភាពឱ្យបានល្អ រក្សាស្មារតីឲ្យបានរឹងមាំ ហើយអាជ្ញាធរដែនដី នឹងនៅតែបន្តតាមដាន ជួយសម្របសម្រួល និងរកវិធីសហការជាមួយសប្បុរសជនបន្ថែមទៀត ដើម្បីជួយបងប្អូនក្នុងការរៀបចំជីវភាព និងកសាងជម្រកឡើងវិញហើយ សូមកុំអស់សង្ឃឹម យើងនឹងរួមសុខរួមទុក្ខ និងឆ្លងកាត់គ្រាលំបាកនេះទៅជាមួយគ្នាផងដែរ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៧ ខែ មិថុនា ឆ្នាំ២០២៦វេលាម៉ោង១២:១០នាទីថ្ងៃត្រង់ មានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងដែលមានទំហំ៨ ម៉ែត្រគុណ ១១ ម៉ែត្រកម្ពស់ពីរជាន់ថ្មក្រោមឈើលើដំបូលប្រក់ក្បឿងដែលម្ចាស់ផ្ទះមានឈ្មោះ ហូយ សាវន (ជាប្រពន្ធ) និងប្តីឈ្មោះ ឆៃ ហួន ជាកងទ័ព(កំពុងឈរជើងនៅស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ) ក្នុងករណីឆេះនេះ បណ្ដាលមកពីទុសសេរខ្សែភ្លើងធ្វើខូចខាតសម្ភារៈទាំងស្រុងដែលមានឯកសារអត្តសញ្ញាណផ្សេងៗ ឆេះអស់ទាំងស្រុង លុយមួយពាន់ដុល្លារ មាសប្រាំជីមិនឃើញ សំលៀកបំពាក់ ម៉ាស៊ីនដេរមួយគ្រឿង ឆ្នាំងស្ពាន់បូរាណមួយផងដែរ ៕