ភ្នំពេញ៖កម្លាំងចម្រុះឃាត់ខ្លួនមនុស្សចំនួន៤៨នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងទីតាំងអគារខុនដូរ HANA សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នៅថ្ងៃទី១៥ កញ្ញា ដែលភាគច្រើនជាជនជាតិកូរ៉េ។

ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ សមត្ថកិច្ចនគរបាលជំនាញ អាជ្ញាធរខណ្ឌ និងដោយមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង១៣:០០ ដោយបានចុះត្រួតពិនិត្យទីតាំងសង្ស័យមួយកន្លែងពាក់ព័ន្ធនឹងបទល្មើស Online Scam និងការស្នាក់នៅប្រមូលម្តុំជនបរទេសខុសច្បាប់ នៅក្នុងទីតាំងអគារខុនដូរ HANA អគារលេខ១៤៦៩ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដែលមានចំនួន ៧ជាន់។ នេះបើតាមលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ សរុបចំនួន៤៨នាក់ (ស្រី១០នាក់) មាន៤សញ្ជាតិ ក្នុងនោះ ជនជាតិកូរ៉ ខាងត្បូងចំនួន ៣៣នាក់ (ស្រី៥នាក់) ជនជាតិនេប៉ាល់ចំនួន ១នាក់ (ប្រុស) ជនជាតិបង់ក្លាដេស ចំនួន ១នាក់ (ប្រុស) ជនជាតិខ្មែរ ចំនួន ១៣នាក់ (ស្រី៥នាក់) ផងដែរ។

សមត្ថកិច្ចក៏បានរឹបអូសសម្ភារៈបម្រើឱ្យការប្រព្រឹត្តបទល្មើសឆបោកអនឡាញ រួមមាន កុំព្យូទ័រ ចំនួន ៦០គ្រឿង ទូរដែក ចំនួន ៣គ្រឿង និងលិខិតឆ្លងដែន សរុបចំនួន ៣៥ច្បាប់ ។ ជនសង្ស័យសរុបចំនួន៤៨នាក់ និងសម្ភារៈរឹបអូស ត្រូវបានប្រគល់ជូនស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី។
លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានថ្លែងថា៖ «ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការ តាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះ មេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធ នឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ»៕
