ពោធិ៍សាត់៖ មានការភ្ញាក់ផ្អើលមួយកាលពីល្ងាចថ្ងៃអាទិត្យទី២០កក្កដា បន្ទាប់ពីមានជនជាតិវៀតណាមប្រុសស្រីប្រមាណ១៥០នាក់ ប្រមូលផ្ដុំគ្នារត់ចេញពីអគារកាស៊ីណូរបស់ឧកញ៉ាទ្រីដ៏ធំស្គឹមស្គៃមួយកន្លែង ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង។
ករណីនេះ លោក ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ប្រាប់សារព័ត៌មាន ថា ដោយសារតែពួកគេមិនពេញចិត្តនឹងការងារនៅទីតាំងនោះ ហើយថែមទាំងទទួលបានប្រាក់ខែតិច…។

យោងតាមសារព័ត៌មាន SBM News នៅព្រឹកថ្ងៃ២១ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ទោ ស ថេង គូសបញ្ជាក់ថា ពាក់ព័ន្ធករណីជនជាតិវៀតណាមប្រដាប់ដោយដំបង់នាំគ្នាដើរប្រសេចប្រសាចពេញផ្លូវកាលពីម្សិលមិញ គឺដោយសារពួកគេមិនពេញចិត្តនឹងការបំពេញការងារនៅទីតាំងនោះ ព្រោះពួកគេមិនទទួលបានប្រាក់ខែតាមការគ្រោងទុក ទើបពួកគេប្រមូលផ្ដុំគ្នារត់ចេញពីអាគារខាងលើ ដើម្បីសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ច ក្នុងគោលបំណងចង់វិលត្រលប់ទៅកាន់ប្រទេសកំណើតដើមវិញ។

លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
យ៉ាងណា លោកឧត្តមសេនីយ៍ទោ ស ថេង បានសង្កត់ធ្ងន់ថា មកទល់ពេលនេះលោកមិនទាន់ហ៊ានបញ្ជាក់ថា ទីតាំងខាងលើជាកន្លែងអ្វីឡើយ គ្រាន់តែដឹងថា ម្ចាស់អគារដី១០ហិកតានោះ មានម្ចាស់ជាអ្នកឧកញ៉ា ទ្រី ភាព។ ហើយបច្ចុប្បន្ន ជនជាតិវៀតណាមទាំង១៥០នាក់ កំពុងបំពេញសំណុំបែបបទនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីត្រៀមបញ្ជូនពួកគេបន្តទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍បន្តចំណាត់ការច្បាប់តាមនីតិវិធីរបស់មន្ត្រីជំនាញអន្តោប្រវេសន៍។ សូមជម្រាបថា កាលពីថ្ងៃទី១៦កន្លងទៅ ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែងនេះ ធ្លាប់ត្រូវបានអាជ្ញាធរខេត្តពោធិ៍សាត់ ឆ្មក់បង្ក្រាបម្ដងរួចមកហើយ ពាក់ព័ន្ធនឹងការឆបោក Online Scams ដោយបានរកឃើញជនជាតិចិន វៀតណាម មីយ៉ាន់ម៉ា សរុបចំនួន២៧នាក់ ក្នុងនោះមានស្ត្រីចំនួន៩នាក់ផងដែរ៕
