នៅថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ទីរការងារ បណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានសម្រេចដោយជោគជ័យក្នុងការសម្របសម្រួលវិវាទនៅរោងចក្រ ឡឺ ក្រោន ស៊ូ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៦ ភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាមដោយគ្រប់ភាគីសប្បាយចិត្ត និងរីករាយជាមួយដំណោះស្រាយដោយកម្មករទទួលបានផ្អែកទៅតាមច្បាប់។
សូមបញ្ជាក់ថា តាំងពីកើតវិវាទភ្លាមនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ មន្ត្រីជំនាញរបស់ក្រសួង ក៏ដូចជាមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម បានចុះដោះស្រាយភ្លាម។ នេះបង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងដើម្បីធានាពិអត្ថប្រយោជន៍របស់កម្មករ និងនិរន្តរភាពរបស់រោងចក្រសហគ្រាស។

យ៉ាងណាក៏ដោយ ក្រោមការសម្របសម្រួល និងដោះស្រាយប្រកបដោយវិជ្ជាជីវៈ តម្លាភាព និងច្បាស់លាស់ពីមន្ត្រីជំនាញអធិការកិច្ច និងវិវាទរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បងប្អូនកម្មករទទួលយកដោយពេញចិត្ត និងសប្បាយរីករាយ។

ជាមួយគ្នានេះ ក្រសួងក៏សូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតដែលចង់បានឱកាសការងារថ្មី សូមទាក់ទងមជ្ឈមណ្ឌលការងារនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលប្រចាំការនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ស្ថិតនៅផ្លូវលេខ៧ចាស់ ភូមិទី៧ សង្កាត់កំពង់ចាម ក្រុង-ខេត្តកំពង់ចាម ឬទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០៤២ ២១០ ២៧៧/ ០១៦ ៦៥៦ ៦៥៥ ឬទាក់ទង១២៩៧ ខណៈដែលកម្ពុជាកំពុងខ្វះកម្លាំងពលកម្មប្រមាណជាង ២៥ ម៉ឺនកន្លែងនៅទូទាំងប្រទេស៕