ខេត្តព្រះវិហារ៖ នៅថ្ងៃព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋដែលជាជនពិការ និងប្រជាពលរដ្ឋរស់នៅក្នុង ក្រុងព្រះវិហារ ខេត្តព្រះវិហារ បានរិះគន់ចំពោះលោក ឆាត់ សួន ចៅសង្កាត់ប៉ាលហាល នឹងលោក ធីន ឃី មេភូមិស្ថាពរ ថាបានចេញលិខិតបញ្ជាក់ភាពក្រីក្រដោយមានភាពមិនប្រក្រតីឲ្យទៅពលរដ្ឋមួយចំនួនដើម្បីយកទៅប្រើប្រាស់រកប្រយោជន៍ផ្ទាល់ខ្លួន ចំពោះប្រជាពលរដ្ឋដែលជាគ្រួសារមានជីវភាពក្រីក្រពិតប្រាកដគឺលោកចៅសង្កាត់នឹងលោកមេភូមិខាងលើពុំសូវបានអើពើអំពីសុខទុក្ខពួកគាត់នោះឡើយ ។ ជាពិសេសលោកចៅសង្កាត់នឹងលោកមេភូមិខាងលើបានធ្វើលិខិតបញ្ជាក់ភាពក្រីក្រតាមបែបគ្រួសារនិយម នឹងបក្សពួកនិយម ។

ផ្ទះអ្នកទទួលបណ្ណក្រីក្រ
ពាក់ព័ន្ធភាពមិនប្រក្រតីរបស់លោក ឆាត់ សួន ចៅសង្កាត់ប៉ាលហាល នឹងលោក ធីន ឃី មេភូមិស្ថាពរខាងលើក្រោយបែកធ្លាយព័ត៍មាន កាលពីព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញនេះ លោកចៅសង្កាត់រួមទាំងលោកមេភូមិ បានកោះហៅអ្នកសារព័ត៍មាន មកបំភ្លឺជុំវិញរឿងរ៉ាវខាងលើនេះ ដោយនៅចំពោះមុខ អ្នកសារ ព័ត៌មានលោក ឆាត់ សួន ចៅសង្កាត់ប៉ាលហាល នឹង ធីន ឃី មេភូមិស្ថាពរ បានលើកឡើងដូចគ្នា ថាលោកទាំង២ពិតជាបានសុីញ៉េនឹងប្រថាប់ត្រាធ្វើលិខិតបញ្ជាក់ភាពក្រីក្រីពិតប្រាកដមែន ដោយពុំបានទៅពិនិត្យអំពីស្ថានភាពជីវភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋនោះទេ ដោយលោកទាំង២អះអាងថាការធ្វើបច្ចុប្បន្នភាពបញ្ជាក់ភាពក្រីក្រនេះគឺធ្វើដើម្បីប្រយោជន៍ពលរដ្ឋ ដែលផ្ទុយទៅនឹងការណែនាំរបស់ក្រសួងមហាផ្ទៃ ។

នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញនេះ ដែរក្រោយបែកធ្លាយព័ត៌មានខាងលើរួចមក រដ្ឋបាលសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ក៍បានចេញលិខិត មោឃៈភាពបញ្ជាក់ភាពក្រីក្រ របស់ឈ្មោះដែលបានស្នើសុំនោះ ដែលបានសុីញ៉េ
ប្រថាប់ត្រាចេញដោយ លោក ឆាត់ សួន ចៅសង្កាត់ប៉ាលហាល ក្រុងព្រះវិហារផងដែរ។

សូមបញ្ជាក់ថា៖ បុគ្គលដែលជាអ្នកដាក់ពាក្យស្នើសុំលិខិតបញ្ជាក់ភាពក្រីក្រពីលោក ឆាត់ សួន ចៅសង្កាត់ប៉ាល នឹង ធីន ឃី មេភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ នោះមានឈ្មោះ សួន ចាន់ពីសី ភេទស្រី អាយុ៣៧ឆ្នាំ មានទីលំនៅស្នាក់បច្ចុឋិតក្នុងភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ មានតួនាទីជាមន្រ្តីសាលាស្រុកត្បែងមានជ័យ នៃខេត្តព្រះវិហារ ទាំងដែលស្ថានភាពជីវភាពរស់នៅជាក់ស្តែង របស់ បុគ្គលនេះ មានផ្ទះធំ មានឡាន មានម៉ូតូ គ្រប់សព្វបែបយ៉ាង ។

ចំនុចនេះហើយបានធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ រិះគន់លោក ឆាត់ សួន ចៅសង្កាត់ប៉ាលហាលនឹងលោក ធីន ឃី មេភូមិស្ថាពរ ថាលោកទាំងពីរបានឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយ ក្នុងការធ្វើបច្ចុប្បន្នភាពសុីញ៉េប្រថាប់ត្រាចេញលិខិតបញ្ជាក់ភាពក្រីក្រឲ្យពលរដ្ឋខាងលើនេះដើម្បីប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ដែលផ្ទុយពីគោលការណ៍ របស់ក្រសួងមហាផ្ទៃ នឹងបានសំណូមពរទៅលោក ប្រាក់ សំអឿនអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ អំពីភាពមិនប្រក្រតីរបស់លោកចៅសង្កាត់នឹងលោកមេភូមិខាងលើ ជាពិសេស កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស នឹងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សូមឯកឧត្តមទាំងពីរ មេត្តាចាត់ក្រុមការងារចុះធ្វើអធិការកិច្ចលើរឿងនេះតាមសមត្ថកិច្ចរបស់ក្រសួង ដើម្បីផ្តល់តម្លាភាពដល់ពលរដ្ឋ ដែលមានជីវភាពក្រីក្រពិតប្រាកដ ៕
