ព្រះវិហារ៖សមត្ថកិច្ចចម្រុះខេត្តព្រះវិហារ ក្នុងនោះមានកម្លាំងមន្ទីរបរិស្ថានខេត្ត កម្លាំងដែនជម្រកសត្វព្រៃឆែប-ព្រះរការ កម្លាំងដែនជម្រកសត្វព្រៃគូលែនព្រំទេព កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងកងរាជអាវុធហត្ថស្រុកត្បែងមានជ័យ មន្ត្រីសហគមន៍ រួមទាំងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលបានបង្កើតសិប្បកម្មកែច្នៃឈើល្មើសច្បាប់ ៧ទីតាំង ដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ស្រេង វុទ្ធា នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិពោធិ៍ ឃុំពោធិ៍ និងភូមិបុស្សធំ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។

នៅក្នុងរបាយការណ៍របស់មន្ទីរបរិស្ថានខេត្តព្រះវិហារ បានបង្ហាញឱ្យដឹងថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលបានបង្កើតសិប្បកម្មកែច្នៃឈើ ដោយគ្មានលិខិតអនុញ្ញាត (ល្មើសច្បាប់) នោះ កម្លាំងសមត្ថកិច្ចចម្រុះ និងអាជ្ញាធរមូលដ្ឋាន បានសហការរួមគ្នា រឹបអូសបានវត្ថុតាងបទល្មើសជាច្រើនប្រភេទ រួមទាំងឈើល្មើសច្បាប់ រួមមាន៖ ម៉ាស៊ីនជ្រៀក ៤គ្រឿង ,ម៉ាស៊ីនភ្លើង ១៥សេស ១គ្រឿង ,ម៉ាស៊ីនខ្យល់សម្រាប់បាញ់ថ្នាំ ១គ្រឿង ,ម៉ូទ័រកាត់ ៥គ្រឿង ,ម៉ូទ័រសម្លៀង ១គ្រឿង ,ម៉ូទ័រឈួស ២គ្រឿង ,ម៉ូទ័រខាត់ ៥គ្រឿង ,ម៉ូទ័រស្វាន ៤គ្រឿង ,ម៉ូទ័របុក ១គ្រឿង ,តាបឈួសឈើ ១គ្រឿង ,ឈើអារជ្រៀកចម្រុះ ៣២ដុំ និងក្តា ១០សន្លឹក ប្រវែង២ម៉ែត្រ ។

