ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការអញ្ជើញប្រជាពលរដ្ឋ៣គ្រួសាររងផលប៉ះពាល់មកប្រជុំពិភាក្សារកដំណោះស្រាយ នៅសាលារាជធានីភ្នំពេញ។ ជាលទ្ធផលគឺពួកគាត់នៅតែមិនអាចទទួលយកបានដដែលពោលគឺបានទាមទារ លើសពីសំណងដែលរដ្ឋបានប្រគល់ជូនចំនួន៣លានដុល្លាអាម៉េរិកក៏ដោយ។

កន្លងមករដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយគណៈកម្មការអន្តរក្រសួង បានប្រើរយៈពេលជាង១ឆ្នាំហើយ ក្នុងការដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម–ព្រែកប្រា) ហើយមកដល់ពេលនេះផលប៉ះពាល់មួយចំនួនធំត្រូវបានដោះស្រាយបញ្ចប់ ប៉ុន្តែមានប្រជាពលរដ្ឋ ៣គ្រួសារប៉ុណ្ណោះ មិនទាន់ទទួលយកសំណងពីអាជ្ញាធរនូវឡើយទេ បើទោះបីអាជ្ញាធររាជធានីភ្នំពេញបានសម្រេចប្រគល់សំណងជូនពួកគាត់ជាង៣លានដុល្លារយ៉ាងណាក្តី។

លោក ឃួង ស្រេង បានលើកឡើងថា ដីដែលរងផលប៉ះពាល់នេះគឺរដ្ឋបាលរាជធានី យកមកដើម្បីធ្វើស្ពាន ធ្វើផ្លូវឱ្យប្រជាពលរដ្ឋទូទៅបានធ្វើដំណើរ ដោះស្រាយការកកស្ទះចរាចរណ៍។
លោកអភិបាល បានបន្ថែមទៀតថា តម្លៃនៃការដោះស្រាយផលប៉ះពាល់នេះគឺសមល្មមដែលបងប្អូនទទួលយកបានហើយ។ ជាមួយគ្នានេះដែរ លោកអភិបាល ក៏បានជម្រាបជូនបងប្អូនអាចស្វែងក្រុមហ៊ុនអចលនៈទ្រព្យដើម្បីមកសិក្សាពីតម្លៃនៅលើទីតាំងបងប្អូនហើយយកមកផ្ទៀងផ្ទាត់គ្នាបាន ដោយរដ្ឋបាលរាជធានីភ្នំពេញ នឹងចេញថ្លៃសេវាជូន។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ មិនទទួលយកសំណងរួមមាន៖
១/ គ្រួសារ ឈ្មោះ ប៊ូ ឆាយ សំណងផលប៉ះពាល់ទឹកប្រាក់ សរុបចំនួន ៩៣៩.៣៨០,៥២$ (ប្រាំបួនរយសាមសិបប្រាំបួនពាន់បី រយប៉ែតសិបដុល្លារអាមេរិក និងហាសិបពីរសេន)។
២/ គ្រួសារឈ្មោះ ហុក សេងគឹម សំណងផលប៉ះពាល់ទឹកប្រាក់ សរុបចំនួន ២.២០៩.៥៤៣,១៥$ (ពីរលានពីររយប្រាំបួនពាន់ប្រាំរយសែសិបបីដុល្លារអាមេរិក និងដប់ប្រាំសេន)។
៣/ គ្រួសារឈ្មោះ ហុក សេងជួរ សំណងផលប៉ះពាល់ទឹកប្រាក់ សរុបចំនួន ១៧១.៨៣៨,១៩ $ (មួយរយចិត សិបមួយពាន់ប្រាំបីរយសាមសិបប្រាំបីដុល្លារអាមេរិក និងដប់ប្រាំបួនសេន)។ សំណងទាំងនេះពួកគាត់មិនទទួលយកទេ។
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)នេះស្ថិតនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។គម្រោងនេះវានឹងផ្តល់នូវអត្ថប្រយោជន៍ដ៏សំខាន់ ក្នុងការផ្សារភ្ជាប់សេដ្ឋកិច្ច-សង្គម រវាងតំបន់ ខាងកើត និងខាងលិចរាជធានីភ្នំពេញ តភ្ជាប់ទៅតំបន់អភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ ហើយក៏នឹង ក្លាយជាខ្សែផ្លូវវាងដ៏សំខាន់ ក្នុងការបញ្ចៀសការកកស្ទះចរាចរណ៍ ដែលកើតមានជារៀងរាល់ថ្ងៃនៅចំណុច ស្ពានព្រះមុនីវង្ស៕