ព្រៃវែង៖ បើតាមការឆ្លើយសារភាពពីម្ចាស់រថយន្តទាំង ២ គ្រឿង បានឲ្យដឹងថា ពួកគាត់បានបើករថយន្ត ម៉ាក សាំងយ៉ុង ដឹកស៊ុតមាន់ ចេញពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយមិនមានលិខិតបញ្ជាក់អ្វីនោះឡើយ។

ការឆ្លើយសារភាពនេះ បានធ្វើឡើងក្រោយពីមន្រ្តីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានពង្រាយកម្លាំងស្ទាក់ចាប់រថយន្តចំនួន ២ គ្រឿង ដឹកស៊ុតមាន់ ៧ ម៉ឺន ៥ ពាន់គ្រាប់ ដែលនាំចូលពីប្រទេសវៀតណាមដោយខុសច្បាប់ បម្រុងលក់ចែកចាយបន្តនៅរាជធានីភ្នំពេញ។

ការស្ទាក់ចាប់រថយន្តនេះបានធ្វើឡើងកាលពីវេលាម៉ោង ៨ និង ៣០ នាទីយប់ ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ នៅគោលដៅចំនួន ២ ផ្សេងគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

បច្ចុប្បន្ន មន្ត្រីជំនាញ បាននាំយកវត្ថុតាង និងបទល្មើស ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕