បាត់ដំបង៖ ជំនន់ទឹកភ្លៀងនៅព្រំដែនកម្ពុជា ថៃបានឆក់យកជីវិតក្មេងស្រីអាយុ៣ឆ្នាំម្នាក់ ពេលកំពុងលេងទឹកអូរ ហើយទឹកអូរហក់ឡើងភ្លាមៗ និងហូរមកលឿនកាលពីរសៀលថ្ងៃទី២១ ខែឧសភា ម្ដិលមិញចំណុច អូរក្បាលស្ពាន ខាងមុខវត្តអូរជុំ ស្ថិតក្នុងភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន។
តាមពលរដ្ឋបានឲ្យដឹងថា ក្មេងប្រុសស្រីពីរនាក់បងប្អូន ដែលបងអាយុ ៥ឆ្នាំ និងប្អូនស្រីអាយុ ៣ឆ្នាំ បាននាំគ្នាចុះលេងទឹកអូរព្រំដែន ដែលនៅពេលនោះគឺទឹកនៅបាតអូរតែប៉ុណ្ណោះ ប៉ុន្តែ ស្រាប់ទឹកអូរជន់ឡើងភ្លាមៗ បណ្តាលឲ្យទឹកគួចប្អូនស្រីយកទៅ បើទោះបីជា ក្មេងប្រុសជាបងចាប់ទាញយ៉ាងណាក៏មិនទប់កម្លាំងទឹកដែលហូរខ្លាំងបានឡើយ។
ភ្លាមៗនោះដែរ ទឹកអូរបានជន់យ៉ាងខ្លាំង និងហូរមកលឿន ធ្វើឱ្យក្មេងដែលត្រូវជាបងទាញដៃប្អូនរត់ឡើងទៅលើប៉ុន្តែមិនអាចទប់នឹងកម្លាំងទឹកបានឡើយ បានធ្វើឲ្យរបូតដៃប្អូន និងហូរទៅតាមទឹកបាត់ស្រមោល ទើបមានការឆោឡោតែម្ដង។
នៅពេលនោះដែរទាំងប្រជាពលរដ្ឋ និងកម្លាំងសឹករងស្រុក បានចេញប្រតិបត្តិការស្វែងរកនៅតាមដងអូរ ទីបំផុតនៅវេលាម៉ោង១៨និង១០នាទីកម្លាំងចំរុះក្នុងស្រុកបានរកឃើញ សពកុមារីរងគ្រោះឈ្មោះ កុល ស៊ាវអ័រ អាយុ៣ឆ្នាំ ដោយបានទទួលមរណៈភាពហើយ៕

