ភ្នំពេញ៖ សាលាឧទ្ធរណ៍ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស ស្រី ស៊ីណា ទុកជាបានការដដែល។
ការតម្កល់នេះ បានធ្វើឡើង បន្ទាប់ពីសាលាឧទ្ទរណ៍បានបើកសវនាការ ហើយប្រកាសសាលក្រមនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។
គួររំឮកថា សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ ជនជាប់ចោទ ស្រី ស៊ីណា សរុប៣១ឆ្នាំ និងពិន័យជាប្រាក់សរុបជាង២លានដុល្លារ ដល់គ្រួសារជនរងគ្រោះដែលស្លាប់ទាំង២នាក់ និងប្រមាណ ៥០ម៉ឺនដុល្លារ ដល់ជនរងគ្រោះដែលរងរបួស ពាក់ព័ន្ធនឹងសំណុំរឿងចំនួន៣ គឺករណីឃាតកម្ម , ប៉ុនប៉ងឃាតកម្ម។ ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងរំលោភលើលំនៅឋាន។
សំណុំរឿងទាំងនោះគឺសំណុំរឿងទី១ សាលាដំបូង បានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ដាក់ពន្ធនាគារកំណត់រយៈពេល ១៥ (ដប់ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ ០០០ ០០០ (ពីរលាន) រៀល ពីបទឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមមាត្រា១៩៩ ក្រមព្រហ្មទណ្ឌ និងមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ និងបានបង្គាប់ឱ្យ ស្រី ស៊ីណា សងសំណងជំងឺចិត្តចំនួន ១ លានដុល្លារ ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ម៉ាំង បូណា ត្រូវជាឪពុកជនរងគ្រោះ ឃីន កញ្ចនា ដែលបានស្លាប់ និងបង្គាប់ឱ្យសងសំណងជំងឺចិត្តចំនួន ១ លានដុល្លារទៀត ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ជា អញ្ជលី ត្រូវជាម្តាយជនរងគ្រោះឈ្មោះ ឡុង លីសុង ដែលបានស្លាប់។
សំណុំរឿងទី២ តុលាការបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទ ស្រី ស៊ីណា ដាក់ពន្ធនាគារកំណត់រយៈពេល១៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ លានរៀល ពីបទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា២៧ មាត្រា១៩៩ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ និងបានបង្គាប់ឱ្យសងសំណងជំងឺចិត្តចំនួន ៣០ម៉ឺនដុល្លារ ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ សុខុម ចរណៈ ដែលជាអ្នករងរបួស និងចំនួន ២០ម៉ឺនដុល្លារ ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ហុង រិទ្ធារ័ក្ស ដែលជាអ្នករងរបួស។
សំណុំរឿងទី៣ តុលាការបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទ ស្រី ស៊ីណា ដាក់ពន្ធនាគារកំណត់រយៈពេល ១ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ លានរៀល ពីបទ រំលោភលើលំនៅឋាន បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោស តាមមាត្រា២៩៩ ក្រមព្រហ្មទណ្ឌកម្ពុជា និងបានបង្គាប់ឱ្យ ស្រី ស៊ីណា សងសំណងជំងឺចិត្តចំនួន ៥ម៉ឺនដុល្លារ ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ជា អញ្ជលី ត្រូវជាម្តាយម្ចាស់ផ្ទះ។