ខេត្តត្បូងឃ្មុំ÷ គ្រឿងចក្រចំនួន២គ្រឿង ដែលកំពុងលួចធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹកជម្រកត្រីពងកូន ជិត១០០ហិកតា យកធ្វើកម្មសិទ្ធិដោយខុសច្បាប់ ត្រូវបានកម្លាំងចម្រុះស្រុកក្រូចឆ្មារធ្វើការឃាត់ចាប់យកទៅរក្សាទុក ដើម្បីកសាងសំណុំរឿង តាមនីតិវីធីរដ្ឋបាល ស្វែងរកមុខជនល្មើសឲ្យមកទទួលខុសត្រូវតាមផ្លូវច្បាប់។
ប្រតិបតិការបង្ក្រាបនេះ បានធ្វើឡើងកាលពីម៉ោង៤រសៀល ថ្ងៃទី២៩ខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ នៅចំណុច សហគមន៍នេសាទបឹងរាំង ស្ថិតក្នុងឃុំទ្រា និងឃុំព្រែកអាជី ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ រួមនឹងលោក ថេង ធារ៉ា នាយករដ្ឋបាលសាលាស្រុក មន្ត្រីនគរបាលប៉ុស្តិ៍ មន្ត្រីក្រុមប្រឹក្សាឃុំ និងប្រជាសហគមន៍នេសាទបឹងរាំង។

លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានឃាត់ចាប់បានគ្រឿងចក្រចំនួន២គ្រឿង ប្រភេទអេស្កាវ៉ាទ័រម៉ាកSK២០០ ចំនួន១គ្រឿង និងត្រាក់ទ័រចំនួន១គ្រឿង យកមករក្សាទុកនៅសាលាស្រុក ឯអ្នកបើកបរគ្រឿងចក្របានរត់គេចខ្លួនបាត់ស្រមោល មុនកម្លាំងចម្រុះចុះទៅដល់ទីតាំងខាងលើ។

លោកអភិបាលស្រុកឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះ គឺកម្លាំងចម្រុះរកឃើញមានការឈូសដីព្រៃលិចទឹកចំនួន៣ចំនុច នៅក្បែរៗគ្នា មានទហំសរុបប្រហែល១០០ហិកតា។ នៅចំពោះមុខមន្ត្រីចម្រុះ លោកអភិបាលបន្តថាឥលូវនេះបងប្អូនមើលទៅ ដីព្រៃលិចទឹកជាជម្រកត្រីពងកូន ដែលអ្នកស្រុករបស់យើងរស់ជាមួយនឹងត្រីសាច់ ត្រីសាច់របស់យើងមានរស់ជាតិឆ្ងាញ់ មានជាតិប្រូតេអុីនខ្ពស់ ជួយបំប៉នសុខភាពយើងឲ្យបានល្អ សាច់ឈាមភ្លឺថ្លា កម្លាំងមាំមួនរស់បានយូរ ឥលូវនេះ ប្រភពចំណីអាហារដែលពលរដ្ឋអត់មានចំណាយលុយទិញអ្នកណាសោះ ត្រូវបានបំផ្លាញបែបនេះ។
បន្ថែមលើនេះលោក សយ ទូច ឲ្យដឹងដែរថា ក្រោយដកហូតដីទាំងនេះទុកជាសម្បត្តិរដ្ឋវិញ រដ្ឋបាលស្រុកក្រូចឆ្មារ នឹងធ្វើការបោះបង្គោលកំណត់ដែនហាមឃាត់ដីព្រៃលិចទឹកជម្រកត្រីពងកូនឲ្យបានត្រឹមត្រូវ។ លោកបានបញ្ជាយ៉ាងមុឺងម៉ាត់ឲ្យនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្រុមប្រឹក្សាឃុំ សមាជិកសហគមន៍នេសាទ ឲ្យតាមឃ្លាំមើល និងរាយការណ៍ជូនរដ្ឋបាលស្រុកជាប្រចាំ បើឃើញជនណាហ៊ានចូលមកភ្ជួររាស់ ដាំដុះ ត្រូវតែចាប់ខ្លួនភ្លាម ព្រោះជននោះហើយជាឧក្រិដ្ឋជនបំផ្លាញព្រៃលិចទឹកជម្រកត្រីពងកូន ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ។

ប្រជាពលរដ្ឋក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំជាពិសេសប្រជានេសាទ ក្នុងឃុំទ្រា និង ឃុំព្រែកអាជី សម្តែងការរីករាយ និងសាទរយ៉ាងខ្លាំងដែលរដ្ឋបាលស្រុកក្រូចឆ្មារ ដឹកនាំដោយលោក សយ ទូច បានបង្ក្រាបនូវសកម្មភាពល្មើសច្បាប់ របស់បុគ្គលមានលុយ មានអំណាច ដែលហ៊ានលួចធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹកជម្រកត្រីពងកូន ដោយខុសច្បាប់យកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន និងបានសំណូមពរឲ្យស្រាវជ្រាវរកមុខជនល្មើសដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់៕