ស្វាយរៀង៖ម៉ែឪឈ្លោះគ្នាកូនប្រសារខឹងយកកាំបិតទៅកាប់ឪពុកក្មេកបណ្ដាលឱ្យស្លាប់ នៅវេលាម៉ោង១៤និង១០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅភូមិសំរោង ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពមានឈ្មោះ ប៊ុន សាវន់ ភេទប្រុស មុខរបរ ធ្វើការសំណង់ រស់នៅភូមិសំរោង ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

សមត្ថកិច្ចបានបន្ដថា ផ្អែកតាមចម្លើយរបស់ឈ្មោះ លន់ សាឡាត់ ភេទស្រីត្រូវជាកូនរបស់ជនរងគ្រោះនិងជាប្រពន្ធរបស់ជនសង្ស័យ បានឆ្លើយថា កាលពីវេលាម៉ោង១និង៣០នាទី រសៀលខ្លួននិងប្ដីខ្លួនឈ្មោះហ៊ាង សំណាង បានឈ្លោះប្រកែកគ្នានៅក្នុងបន្ទប់ពីរឿងលុយកាក់ដែលជំពាក់គេ ភ្លាមនោះខ្លួនក៏បានស្ទុះចេញពីក្នុងបន្ទប់ តែប្តីគាត់ខឹងបានទាញទ្វារបិទនិងច្រានខ្លួនដួលទៅលើពូក ហើយខ្លួនបានស្ទះចេញពីក្នុងបន្ទប់។
ប្ដីរបស់ខ្លួនគាត់បានយកគ្រឿងសម្អាងរបស់ខ្លួនគ្រវែងចោល រួចក៏បើកទ្វារបន្ទប់រត់ចេញទៅក្រៅយកកាំបិតនៅមុខបន្ទប់ទៅកាប់ឪពុករបស់ខ្លួនឈ្មោះប៊ុន សាវន់ ដែលកំពុងអង្គុយលើអង្រឹងក្រោមដើមឈើ ។ ឃើញបែបនោះខ្លួន ក៏បានរត់ទៅហៅអ្នកជិតខាងបន្ទប់ឲ្យមកជួយ ពេលនោះខ្លួនបានងាកទៅមើលឃើញប្ដីរបស់ខ្លួនកាប់ឪពុកខ្លួនជាច្រើនកាំបិតបណ្ដាលឱ្យធ្លាក់ពីលើអង្រឹងស្លាប់នៅកន្លែងកើតហេតុ។ ចំណែកប្ដីរបស់ខ្លួនបន្ទាប់ពីកាប់ឪពុកខ្លួនរួចបានកាន់កាំបិទរត់ចូលព្រៃខាងកើតបាត់។
សមត្ថកិច្ចបានបញ្ជាក់ថា៖ ផ្អែកតាមការពិនិត្យកន្លែងកើតហេតុ និងសាកសព ការស្ដាប់ចម្លើយសាក្សីបំភ្លឺ លោកគ្រូពេទ្យកោសល្យវិច័យ និងសមត្ថកិច្ចអាចសន្និដ្ឋានបានថា៖ ឈ្មោះ ប៊ុន សាវន់ ភេទប្រុស ស្លាប់ដោយអំពើឃាតកម្ម។ រីឯជនសង្ស័យឈ្មោះ ហ៊ាង សំណាង ដែលមានស្រុកកំណើតនៅភូមិស្តៅ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង បន្ទាប់ពីធ្វើសកម្មភាពរួចបានកាន់កាំបិតរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្វែងរកតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់។