មណ្ឌលគិរី : ខុទ្ទកាល័យនាយករដ្ឋមន្ត្រីឲ្យក្រសួងដែនដីពិនិត្យរឿងចេញប្លង់ដីឲ្យឧកញ៉ាឈាង ប៉ាក់សួរ តាមសំណើរបស់ពលរដ្ឋ១៣៣គ្រួសារដែលឈ្មោះ ឈាង ប៉ាក់សួរ រំលោភយក។
ពលរដ្ឋបានដាក់ក្តីសង្ឃឹមលើសម្តេចនាយករដ្ឋមន្ត្រីនឹងជួយពួកគាត់ ដែលមន្រ្តីសុរិយោដីខេត្តមណ្ឌលគិរិ ដែលគុបគិតចេញប្លង់រឹង មានភាពមិនប្រក្រតី។
តាមពលរដ្ឋដែលមានទំនាស់ដីធ្លីជាមួយបុគ្គលឈ្មោះ ឈាង ប៉ាក់សួរ បានឲ្យដឹងថា ពាក្យបណ្ដឹងរបស់ពួកគាត់ទាំង១៣៣គ្រួសារ បានទៅដល់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីកាលពីមុនចូលឆ្នាំ ក្នុងនោះនាយខុទ្ទកាល័យបានចារបញ្ជូនទៅរដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ដើម្បីត្រួតពិនិត្យឡើងវិញហើយ ។

យោងតាមបណ្ដឹងរបស់ប្រជាពលរដ្ឋបានស្នើសុំឲ្យបង្កើតក្រុមអធិការកិច្ចដើម្បីត្រួតពិនិត្យភាពមិនប្រក្រតី លើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យចំនួន ៣៤ ក្បាលដី ទំហំ២៤៥. ៤២ហិកតា មានទីតាំងស្ថិតនៅក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែននោរម្យ ខេត្តបណ្ឌលគិរី និងសុំមោឃភាពវិញ្ញាបនបត្រទាំងនោះ ។
ពលរដ្ឋបានលើកឡើងថា ផ្ទៃដីដែលរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យមន្ទីររៀបចំដែនដី សំណង់ និងសុរិយោដី ផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យចំនួន៣៤ក្បាលដីទៅឱ្យបុគ្គលឈ្មោះ ឈាង ប៉ាក់សួរ តាមរយៈលិខិតលេខ៣៤៥០ដនស/ខុទ្ទ ចុះថ្ងៃទី ២៧ ធ្នូ ឆ្នាំ២០២៤ នោះ គឺសុទ្ធសឹងតែត្រួតស៊ីគ្នាជាមួយដីដែលពួកគាត់កំពុងកាន់កាប់ និងអាស្រ័យផលជាក់ស្តែង ។
បើតាមពលរដ្ឋថា ពួកគាត់បានមករស់នៅ និងអាស្រ័យផលលើដីនេះ តាំងតែពីឆ្នាំ២០០៥ ខ្លះមុនហ្នឹងផង ។ ក្រោយមកតាមរយ:ក្រសួងកសិកម្មរដ្ឋបានធ្វើសប្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុន អ៊ូជីសាន និងហូលីង ដើម្បីដាំដើមស្រល់ ។ លុះ ដល់ឆ្នាំ២០១៥ ពួកគាត់ក៍ចូលមកកាន់កាប់ រស់នៅ និងអាស្រ័យផលបន្តទៀត ។ ប៉ុន្តែជាមួយគ្នាក៍មានព័ត៌មានថា ឈ្មោះ សាន សូត្រ និងអតីតចៅសង្កាត់ស្ពានមានជ័យឈ្មោះ សាក់ ហ៊ាន រួមទាំងមន្ត្រីជំនាញខិលខូចក្នុងខេត្តបានបង្កើតឯកសារក្លែងបន្លំហ៊ុំព័ទ្ធយកដីរបស់ពួកគាត់ដែលកំពុងរស់នៅអាស្រ័យផងទៅលក់ឱ្យឈ្មោះ ឈាង ប៉ាក់សួរ ។
ប៉ុន្តែឯកសារដែលពុំមានភាពប្រក្រតីទាំងនោះត្រូវបាននិរាករណ៍អស់ហើយដោយលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីលេខ៣៨ សជណ.កធ ថ្ងៃទី២១ មករា ឆ្នំា២០២១ ចុះហត្ថលេខា ដោយឯកឧត្តម ខូយ ឃុនហ៊ួរ ។ សជណ ក៏បានជំរុញឲ្យចាត់វិធានការច្បាប់ចំពោះអ្នកបំប្លែងឯកសារនោះផងដែរ ។
ការនេះបានធ្វើឲ្យពួកគាត់រស់នៅ និងអាស្រ័យផលដោយសុខសាន្ត ។ ហើយនៅអំឡុងខែកញ្ញា ឆ្នាំ ២០២៣ អាជ្ញាធរនិងជំនាញសុរិយោដី ក៏បានចុះមកជំរឿនក្បាលដីដែលពួកគាត់កំពុងរស់នៅ ដែលធ្វើឲ្យកាន់តែកក់ក្ដៅថែមទៀត។

ក្រុមខិលខូចគុបគិតគ្នាយកដីពលរដ្ឋជាង១០០គ្រួសារ
ស្រាប់តែនៅព្រឹកថ្ងៃទី ១៨ កក្កដា ឆ្នាំ២០២៤ អាជ្ញាធរខេត្តក៏បានកោះហៅប្រជាពលរដ្ឋឱ្យចូលរួមប្រជុំដោះស្រាយទំនាស់ដីធ្លីជាមួយភាគី ឈាង ប៉ាក់សួរ ប៉ុន្តែដោយភាគីលក់ដីឲ្យ ឈាង ប៉ាក់សួរ ឈ្មោះ សាន សូត្រ ហៅប្លោក គេចវេះមិនព្រមចូលតុប្រជុំដោះស្រាយ បានធ្វើឲ្យកិច្ចប្រជុំដែលដឹកនាំដោយលោក ចាន់ រតនា អភិបាលរងខេត្តដំណើរការមួយភ្លែតក៏បិទទៅវិញ ។ ត្រង់នេះសរបញ្ជាក់ឲ្យឃើញថា ភាគីលោក ឈាង ប៉ាក់សួរ អាចចាញ់បោកទិញដីខ្យល់ពីឈ្មោះ សាន សូត្រ ។
ប៉ុន្តែ យ៉ាងណាក្ដី ដើម្បីសុចរិតភាព និងយុត្តិធម៌ ភាគីពលរដ្ឋគ្រាន់តែស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល និងស្ថាប័នជំនាញចាត់ក្រុមអធិការកិច្ចដើម្បីត្រួតពិនិត្យភាពមិនប្រក្រតីទៅលើឯកសារនានាដែលនាំទៅដល់ការចេញវិញ្ញបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យទាំង៣៤ក្បាលដី មោឃភាពវិញ្ញាបនបត្រទាំងនោះចោល និងមានវិធានការផ្លូវច្បាប់ចំពោះជនខិលខូចបំភ្លៃឯកសារបោកប្រាស់ថ្នាក់ដឹកនាំ ធ្វើឲ្យរាស្ត្ររងទុក្ខតែប៉ុណ្ណោះ ៕

