ឧត្តរមានជ័យ៖ ស្នងការរងនគរបាលខេត្តឧត្តរមានជ័យបើករថយន្តបុករថយន្តមួយគ្រឿងទៀតចតស្ងៀមបណ្តាលឲ្យស្លាប់ភ្លាមៗនៅវេលាម៉ោង 8 ព្រឹក ថ្ងៃទី 22 ខែមេសា ឆ្នាំ 2025 នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
តាមប្រភពបានឲ្យដឹងថា រថយន្តម៉ាកអាល់ហ្វាត ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2D.6675 បានបុកពីក្រោយនឹងរថយន្តម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2C.3354 ដែលកំពុងឈប់ចតនៅខាងស្តាំដៃនៃផ្លូវ។
ប្រភពកន្លែងកើតហេតុ ជនរងគ្រោះជាតៃកុងរថយន្តអាល់ហ្វាត ឈ្មោះ ឯម សុវណ្ណរ៉ា (ហៅ សុខឆេះ) មានឋានៈជាស្នងការរង នៃស្នងការនគរបាលខេត្តឧត្តរមានជ័យ ទទួលបន្ទុកបេតិកភណ្ឌ បានស្លាប់បន្ទាប់ពីត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត។
ប្រភពនៅកន្លែងកើតហេតុឲ្យដឹងបន្តថា រថយន្តអាល់ហ្វាតខាងលើបានបើកបរក្នុងល្បឿនលឿន ថែមពុំបានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពផងនៅពេលមកដល់កន្លែងកើតហេតុ រថយន្តបានបុកទៅនឹងរថយន្តតាកូម៉ាដែលឈប់ចត សង្កត់ទៅផ្នែកខាងក្រោយយ៉ាងខ្លាំង ។ ករណីនេះ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន កំពុងស៊ើបអង្កេតបន្ថែមលើករណីនេះ ដើម្បីធានាឲ្យមានសុវត្ថិភាពបន្ថែមលើផ្លូវជាតិ និងស្រាវជ្រាវពីមូលហេតុដ៏ជាក់លាក់នៃគ្រោះថ្នាក់នេះ៕
