មណ្ឌលគិរី : ពលរដ្ឋប្រមាណជាង២០០គ្រួសារ ដែលមានលំនៅឋាន ក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ការរភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីដឹងថា ដីធ្លីរបស់ពួកគាត់ដែលកំពុងរស់នៅអាស្រ័យផល ត្រូវបានក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ចេញលិខិតឲ្យអាជ្ញាធរខេត្តមណ្ឌលគិរី ចេញប្លង់រឹងឲ្យឧកញ៉ាឈាង ប៉ាកសួរ ខណៈដែលអាជ្ញាធរខេត្តមណ្ឌលគិរីកំពុងធ្វើការសម្របសម្រួលវិវាទដីធ្លីនេះនៅឡើយ។
ពលរដ្ឋដែលខ្លះអះអាងថា បានទិញដីពីបងប្អូនជនជាតិដើមភាគតិចដោយផ្ទាល់ ខ្លះបានទិញតៗគ្នា ហើយបានមករស់នៅនិងអាស្រ័យផលជាក់ស្ដែងម្នាក់ៗមិនក្រោមពី ៥-៦ ឆ្នាំឡើយ ដោយមានការទទួលស្គាល់ដឹងឮពីអាជ្ញាធរមូលដ្ឋានផងដែរ ។
បើតាមពួកគាត់ថា កាលពីឆ្នាំ២០២៣កន្លងទៅ ក្រុមការងារខេត្តក៏បានចុះវាស់ក្បាលដីឲ្យពួកគាត់ផងដែរ ហើយក្រោយ មកក៏មានការកោះហៅប្រជុំដោយគណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្តដឹកនាំដោយលោក ចាន់ រតនា អភិបាលរងខេត្ត និងមានភាគីលោក ឈាង ប៉ាក់សួរ ចូលរួមដែរ តែដោយពុំមានវត្តមានឈ្មោះ សាន សូត្រ ដែលភាគីលោក ឈាង ប៉ាក់សួរ ថា ជាអ្នកលក់ដីឲ្យខ្លួន កិច្ចប្រជុំគ្រានោះក៏មិនអាចយកជាការបាន។

អាជ្ញាធរខេត្តប្រជុំដោះស្រាយជាមួយពលរដ្ឋដោះស្រាយដីវិវាទជាមួយឧកញ៉ាឈាង ប៉ាក់សួរ
ប៉ុន្តែស្ងាត់ៗពេលនេះបែរជាលេចដំណឹងថា ឈ្មោះ ឈាង ប៉ាក់សួរ បានរត់ការ ទៅដល់ក្រសួងដែនដីនគររូបនីយកម្ម ហើយឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ ក៍បានចារឯកភាពនៅលើលិខិតលេខ៣៤៥០ ដនស /ខទ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០២៤ ឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តមណ្ឌលគិរី ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យទៅឱ្យឈ្មោះ ឈាង ប៉ាក់សួរ ទៀតផង ដែលវាជារឿងគួរឲ្យខកចិត្តបំផុត ។
ត្រង់នេះត្រូវបានពលរដ្ឋអះអាងថា អាចឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ពុំបានជ្រាបគ្រប់ជ្រុងជ្រោយពីស្ថានភាពដីធ្លីនេះ និងម្យ៉ាងអាចថ្នាក់ក្រោមពុំបានបញ្ជូនរបាយការណ៍ពិតប្រាកដ ឬបញ្ជូនតែរបាយការណ៍ភូតកុហក់ទៅឯកឧត្តម ។ ប៉ុន្តែយ៉ាងណាក្ដី ដើម្បីសន្តិភាព ចៀសផុតពីការផ្ទុះឡើង នៃសង្គ្រាមដីធ្លីសម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី ក្រុមប្រជាពលរដ្ឋបានស្នើសុំយ៉ាងទទូច ឲ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចាត់តាំងក្រុមការងារមកពិនិត្យស្ថានភាពជាក់ស្ដែងសិន សឹមមានការសម្រេចដោយសុភវិនិច្ឆ័យជាក្រោយ ៕
