Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ និងតុលាការកំពូល ចេញសេចក្តីណែនាំរួមស្តីពីការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ

ភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយលោកបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៥។

យោងតាមក្រសួងយុត្តិធម៌ បានឱ្យដឹងថា ក្នុងសន្និបាតនេះ នឹងមានការធ្វើបទបង្ហាញពាក់ព័ន្ធនឹងប្រធានបទសំខាន់ៗចំនួន ៤ រួមមាន ៖ (ទី១)- កិច្ចការរដ្ឋបាលតុលាការ និងកិច្ចការហិរញ្ញវត្ថុក្នុងវិស័យយុត្តិធម៌, (ទី២)-ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ, (ទី៣)- ការទទួលខុសត្រូវក្នុងការប្រើប្រាស់សិទ្ធិអំណាច និងឆន្ទានុសិទ្ធិរបស់តុលាការ និង (ទី៤)- ការអនុវត្តសំណើជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ និងបត្យាប័ន ។

បន្ថែមពីនេះ, អង្គសន្និបាត ក៏នឹងផ្តោតការយកចិត្តទុកដាក់ជាពិសេសលើប្រធានបទពិភាក្សាចំនួន ២ ទៀត ដែលរួមមាន ៖ (ទី១)-ការកំណត់ការប្រាក់ និងការប្រាក់ពិន័យ និង (ទី២)-ការទទួលស្គាល់សន្តតិជន និងការបែងចែកមត៌ក។
អង្គសន្និបាត នឹងធ្វើការពិនិត្យ ពិភាក្សា និងសម្រេចដាក់ចេញនូវដំណោះស្រាយរួមគ្នា ចំពោះបញ្ហាប្រឈមពាក់ព័ន្ធនឹងប្រធានបទទាំង ២ នេះ ដើម្បីធានាបាននូវការឯកភាពគ្នាទាំងគោលជំហរ ទាំងទស្សនៈ ក្នុងការបកស្រាយ និងការអនុវត្តច្បាប់ សំដៅធានាបាននូវសង្គតិភាព និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ក៏ដូចជា ពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះស្ថាប័នអនុវត្តច្បាប់ ពិសេស ស្ថាប័នតុលាការ។

សូមបញ្ជាក់ថា សន្និបាតនេះ រៀបចំធ្វើឡើងក្នុងរយៈពេល ២ថ្ងៃកន្លះ ចាប់ពីរសៀលថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំ និង ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងយុត្តិធម៌, ថ្នាក់ដឹកនាំនៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស ព្រមទាំង ឯកឧត្តម លោកជំទាវ ជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួន ដែលមានចំនួនសរុបប្រមាណ ៤០០រូប។

សន្និបាតនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិនិត្យមើលអំពីស្ថានភាពនៃវិស័យយុត្តិធម៌, ស្វែងរកឱ្យឃើញនូវបញ្ហាប្រឈមនៅក្នុងវិស័យនេះ និង ដើម្បីដាក់ចេញនូវទិសដៅការងារជាអាទិភាពបន្ត ដើម្បីដោះស្រាយបញ្ហាប្រឈមនានា សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃសេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ និង ដើម្បីរួមចំណែកដល់ការលើកកម្ពស់ជំនឿទុកចិត្តរបស់សាធារណជនមកលើការអនុវត្តច្បាប់របស់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការ ក៏ដូចជា អាជ្ញាធរមានសមត្ថកិច្ច ដែលមានការពាក់ព័ន្ធ ស្របតាមគោលនយោបាយ និងទិសដៅយុទ្ធសាស្រ្ត ដូចបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា និងវិធានការគន្លឹះទី៥ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ក្រសួងយុត្តិធម៌ និងតុលាការកំពូល ក៏បានចេញសេចក្តីណែនាំរួមស្តីពីការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ។