ក្រចេះ÷ រដ្ឋបាលសង្កាត់អូរឫស្សីអត់បំភ្លឺរឿងទទួលស្គាល់ការទិញលក់ដីនៅក្នុងតំបន់អភិរក្ស និងសកម្មភាពរបស់មេបញ្ជាការអាវុធហត្ថខេត្តក្រចេះឈូសព្រៃចាក់លុបដីចំណីបឹងរំលាច បែរជាបំភ្លឺតែរឿងដែលលោកសាក់ សារ៉ាង ធ្វើផ្លូវចូលទៅឈូសដីព្រៃលិចទឹកចាក់ដីលុបចំណីបឹងរំលាច ដោយអះអាងថា ធ្វើផ្លូវតាមសំណើរបស់ពលរដ្ឋទៅវិញចេញចូលដីអាស្រ័យផល។
ការបំភ្លឺរបស់រដ្ឋបាលសង្កាត់អូរឬស្សី នេះ ដូចជាមិនស្របតាមស្ថានភាពពិត និងឯកសារនានា ដែលអាជ្ញាធរខេត្តក្រចេះ បានបដិសេធការស្នើសុំរបស់លោកសាក់ សារ៉ាង ដោយសារតែដីតំបន់ចំណីមាត់បឹងរំលាចនេះ ស្ថិតនៅក្នុងតំបន់លំហរសាធារណៈ និងតំបន់បៃតង នេះបើតាមប្លង់គោលរៀបចំហេដ្ឋារចនាសម្ព័ន្ធក្រុងក្រចេះ និងតាមអនុក្រិត្យលេខ៩៨ របសស់រាជរដ្ឋាភិបាល ស្តីពីចំណីបឹងទន្លេ។
សេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលអូរឬស្សីបានធ្វើឡើង ដោយសារថ្មីៗនេះបណ្តាញទំនាក់ទំនងក៍ដូចជាសារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយថាលោក សាក់ សារ៉ាង មេបញ្ជា ការអាវុធហត្ថខេត្តក្រចេះ ចាក់លុបដីចំណីបឹងរំលាច ស្ថិតនៅភូមិស្រែស្មៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
សេចក្តីបំភ្លឺបានលើកឡើងទឿតថា យោងលើសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ ដែលកំពុងអាស្រ័យផលលើដីកសិកម្ម និងការនេសាទត្រីនៅតំបន់នោះ ស្នើសុំមករដ្ឋបាលសង្កាត់អូរឫស្សីតាមរយៈលោកមេភូមិស្រែស្មៅ ឲ្យធ្វើការជួសជុលផ្លូវមួយខ្សែដែលជាផ្លូវរទេះចាស់មានស្រាប់ប្រវែងប្រមាណ ១,៤០០ម៉ែត្រ ដោយសារពួក គាត់ពិបាក ក្នុងការធ្វើដំណើរចេញ-ចូល អាស្រ័យផលក្នុងតំបន់នោះ ។ រដ្ឋបាលសង្កាត់អូរឫស្សី ក៏បានធ្វើការទំនាក់ទំនងទៅលោក ឧត្តមសេនីយត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ តាមរយៈសំណើស្នើសុំជួយ ឧបត្ថម្ភគាំទ្រជួស ជុលផ្លូវមួយខ្សែប្រវែងប្រមាណ ១ ៤០០ ម៉ែត្រ ។
ករណីខាងលើនេះ រដ្ឋបាលសង្កាត់អូរឫស្សី បានធ្វើការផ្អាកការងារជួសជុលផ្លូវដីក្រួសនេះ ជាបណ្តោះអាសន្ន ដើម្បីគោរពស្នើសុំស្ថាប័នជំនាញពាក់ព័ន្ធ និងថ្នាក់ដឹកនាំចុះពិនិត្យជាក់ស្តែង។
អ្នកតាមដានករណីនេះ បានលើកឡើងថា តើការចុះហត្ថហេខាហត្ថលេខាទទួលការទិញលក់ដីធ្លីរបស់ចៅសង្កាត់អូរឬស្សីក្នុងតំបន់អភិរក្ស និងចំណីបឹងនេះ តើមានតម្លៃលុបអនុក្រិតលេខ៩៨ របស់រាជរដ្ឋាភិបាលឬយ៉ាងណា?
គេរង់ចាំមើលថា អភិបាលខេត្តក្រចេះ ហ៊ានចាត់វិធានការណ៍ច្បាប់ចំពោះបុគ្គលប្រព្រឹត្តល្មើស ដែលអាចថា ជាការឃុបឃិតគ្នាជាប្រពន្ធ័ ចង់លេបយកដីចំណីបឹងក្នុងតំបន់អភិបាលបៃតងឬយ៉ាងណា? ម្យ៉ាងទៀត ការបដិសេធរបស់អាជ្ញាធរខេត្តក្រចេះ កាលពីថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២៤ ចុះហត្ថលេខាដោយលោក ហេង សុថា អភិបាលរងខេត្តក្រចេះ នៅមានតម្លៃដដែល ឬយ៉ាងណា?
