Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

អាជ្ញាធរបានធ្វើការរំដោះជនជាតិវៀតណាម១៤នាក់ និងចាប់ខ្លួនជនជាតិចិនខ្មែរ១២នាក់នៅអគារអនឡាញក្រុងបាវិត

ស្វាយរៀង៖ អាជ្ញាធរបានធ្វើការរំដោះមនុស្សចំនួន១៤នាក់ និង១២នាក់ត្រូវចាប់ខ្លួន ក្រោយមានការចែករំលែក វីដេអូឃ្លីបមួយលើបណ្តាញព័ត៌មានសង្គម បង្ហាញពីសកម្មភាព មនុស្សមួយក្រុម ស្លៀកឈុតពណ៌ខ្មៅវាយទៅលើជនជាតិបរទេសយ៉ាងកំរោល បន្ទាប់ពីព្យាយាមរត់ចេញ ទីតាំងអគារអនឡាញ ស្ថិតក្នុងភូមិសាស្ត្រក្រុងបាវិត។

កម្លាំងអាជ្ញាធរខេត្តស្វាយរៀងបានចុះទៅដល់ក្រុមហ៊ុនកាស៊ីណូ អេអាយកាំង ស្ថិតក្នុងភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យជុំវិញទីតាំងកើតហេតុ។ជាលទ្ធផលក្នុងការស្រាវជ្រាវ និងពិនិត្យតាមរយៈកាមេរ៉ាសុវត្ថិភាព សមត្ថកិច្ចបានធ្វើការរំដោះ ជនជាតិវៀតណាម១៤នាក់។

អាជ្ញាធរអះអាងថា ជាមួយក្នានេះដែរ បានឃាត់ខ្លួនជនជាតិចិន និងខ្មែរ  ជាសន្តិសុខ និងមេការសន្តិសុខ ក្នុងទីតាំងកើតហេតុ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានជាតិខ្មែរ និងចិន៖ ឈ្មោះ ហ្គួ សុង ជនជាតិចិន, ឈ្មោះ លីវ វ៉ី ជនជាតិចិន, ឈ្មោះ ចូ ហុងពីង ជនជាតិចិន, ឈ្មោះ មីវ យៀនសិ ជនជាតិចិន, ឈ្មោះ ទេព មានុន ជនជាតិខ្មែរ, ឈ្មោះ ឆុន ពិសិទ្ធ ជនជាតិខ្មែរ, ឈ្មោះ ឡេង សុផាត ជនជាតិខ្មែរ, ឈ្មោះ ប៉ែន សំណាង ជនជាតិខ្មែរ, ឈ្មោះ សកា វែន ជនជាតិខ្មែរ, ឈ្មោះ ខែម ខួច ជនជាតិខ្មែរ, ឈ្មោះ ប៉ោ ភារម្យ ជនជាតិខ្មែរ, ឈ្មោះ ឃាន ប៉ាទី ជនជាតិខ្មែរ។

 ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕