កែប៖ រដ្ឋបាល ក្រុងកែប បានចេញ សេចក្ដីបំភ្លឺព័ត៌មាន មួយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ជាកិច្ចឆ្លើយតបស្ថាប័នព័ត៌មានពីរអង្គភាពដែលបានផ្សាយកន្លងមកថា « ពាក់ព័ន្ធករណីការផ្សព្វផ្សាយព័ត៌មានខាងលើនេះ រដ្ឋបាលក្រុង បានចេញលិខិតអនុញ្ញាតសាងសង់របងថ្មមួយកន្លែងដែលមាន វិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុ លេខៈ១៩៧៦ ស្ថិតនៅ ភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខែត្រកែប ជាកម្មសិទ្ធិរបស់ឈ្មោះ ហ៊ីង ភារ៉ានិច ភេទស្រី លើសពីនេះ រដ្ឋបាលក្រុង ក៏បានចាត់ឱ្យមន្ត្រីជំនាញចុះពិនិត្យ និងផ្ទៀងផ្ទាត់ព្រំដី ដែលបានសាងសង់របងខាងលើនេះឃើញថា ការធ្វើរបងនេះ ត្រឹមត្រូវតាមប្លង់កម្មសិទ្ធិមិនបានធ្វើរំលោភចូលផ្លូវទឹកឡើយ »។
ទោះបីជា រដ្ឋបាលក្រុងកែប បំភ្លឺថា ការសាងសង់របង មិនធ្វើ រំលោភចូលផ្លូវទឹកក៏ដោយ ប៉ុន្តែ ប្រជាពលរដ្ឋនៅតែទទូចថា ការសង់របងនេះបានធ្វើឲ្យប៉ះពាល់ផ្លូវចេញចូល និងបើកបរគោយន្តដឹកកសិផលរបស់ពួកគាត់។ ពួកគាត់សួរថា បើអាជ្ញាធរ ឲ្យគេសង់របងបិទបែបនេះ តើឲ្យពួកគាត់ដឹកកសិផល និងចេញចូលតាមផ្លូវណា?
ពួកគាត់មានចម្ងល់ថា ហេតុអី បានជាអាជ្ញាធរ ចេញប្លង់កម្មសិទ្ធយកដីខ្នងប្រឡាយទៅឲ្យបុគ្គលអ្នកមានលុយបែបនេះ ?
ទាំងលោក ប៊ុន យ៉ូង អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តកែប និងលោក ឃន វុទ្ធី អភិបាលក្រុងកែប មិនបានឆ្លើយតបតាមសារតេឡេក្រាម របស់មេគង្គ ញូវស៍ នៅឡើយទេ៕
