ខេត្តពោធិសាត់៖ បន្ទាប់ពីចាប់ឃុំខ្លួនស្រ្តី សេន ពិសី ចៅក្រមស៊ើបសួរខេត្តពោធិសាត់បានចេញដីកាបង្គាប់ឲ្យអ្នកភូមិជាច្រើននាក់ ចូលបង្ហាញខ្លួនក្រោមការចោទប្រកាន់ពីបទ កាប់គាស់ រុករានដីព្រៃឆ្ការដុត ដើម្បីយដីធ្វើជាកម្មិសិទ្ធប្រព្រឹត្តនៅចំណុចដែនជម្រកសត្វភ្នំសំកុស ជាតំបន់ការពារធម្មជាតិនៅចំណុចចុងគីឡូម៉ែត្រលេខ១៣៧ ស្ពានលេខ៣៥ ស្ថិតនៅភូមិដីក្រហម ឃុំអងន្លុងរាប ស្រុកវាលវែង ខេត្តពោធិសាត់។
យោងតាមដីការបស់ចៅក្រមស៊ើបសួរ ខេង សុខលីណា បានបង្គាប់ឲ្យប្តីប្រពន្ធ២គ្រួសារឲ្យចូលបង្ហាញខ្លួនជាបន្តបន្ទាប់នៅចុងខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមបទចោទប្រកាន់ខាងលើ បើទោះបីជាផ្ទះ និងដីរបស់ពួកគាត់មានលិខិតផ្ទេរសិទ្ធិកាន់កាប់ទទួលស្គាល់ដោយអាជ្ញាធរភូមិឃុំ តាំងពីឆ្នាំ២០១៩ មកម្ល៉េះក៏ដោយ។
ចៅក្រម ខេង សុខលីណា បានបង្គាប់ឲ្យឈ្មោះស៊ួន វ៉ើន ជាប្តី និងឈ្មោះ អេង អាន ជាប្រពន្ធ ឲ្យចូលបង្ហាញខ្លួននៅរសៀលថ្ងៃទី២៣ ខែធ្នូឆ្នាំ២០២៤ ខាងមុខ។ ជាមួយគ្នានេះដែរ ចៅក្រម ខេង សុខលីណា បានឲ្យបង្គាប់ឲ្យអ្នកភូមិដីក្រហមឈ្មោះភិន អន ជាប្រពន្ធ និងឈ្មោះនីន ធីជាប្តីឲ្យចូលខ្លួននៅតុលាការខេត្តពោធិសាត់នៅម៉ោង៨កន្លះព្រឹកថ្ងៃៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ។
ប្រជាពលរដ្ឋប្តីប្រពន្ធទាំងពីរគ្រួសារបានសម្តែងការព្រួយបារម្ភថា ពួកគាត់អាចនឹងត្រូវចៅក្រមខេង សុខលីណា ចាប់ឃុំខ្លួនដូចស្រ្តីឈ្មោះ សេន ពិសី ដោយសារតែនៅព្រឹកថ្ងៃទី១៨ ខែធ្នូ នេះ សាលាឧទ្ធណ៍ខេត្តបាត់ដំបង បានសម្រេចបន្តឃុំស្រ្តីឈ្មោះសេន ពិសី ក្នុងពន្ធនាគារបន្តទៀត ដោយមិនបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នតាមការស្នើសុំរបស់មេធាវីនោះទេ។
បើតាមអ្នកភូមិដីក្រហមបាននិយាយថា កន្លងមកអ្នកភូមិបានទិញដីសង់លំនៅដ្ឋាន និងរកស៊ីចិញ្ចឹមជីវិតជាច្រើនឆ្នាំមកហើយដោយពុំបានកាប់រាន គាស់កាយព្រៃឈូដោយមានការទទួលស្គាលពីអាជ្ញាធមូលដ្ឋានភូមិឃុំថែមទៀតផង។
ទោះបីយ៉ាងណា អាជ្ញាធរខេត្តពោធិសាត់ បានអះអាងថា លិខិតកាន់កាប់របស់ប្រជាពលរដ្ឋពុំមានលក្ខណៈស្របច្បាប់នោះទេ៕
