សៀមរាប៖ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានថ្លែងថា ករណីឃាតកម្មអ្នកសារព័ត៌មាននៅស្រុកជីក្រែង ទោះបីជាការសម្លាប់នេះក្រោមហេតុផលនៃទំនាស់ផលប្រយោជន៍បុគ្គលក៏ដោយជនល្មើសខាងលើ ត្រូវទទួលខុសត្រូវទៅនឹងអំពើ និងព្យសនកម្មដែលបានប្រព្រឹត្ក។
ការណ៍ថ្លែងបែបនេះបានធ្វើឡើងនៅរសៀលថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ២០២៤ នៅសាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តសៀមរាប ក្នុងសន្នីសិទ្ធសារព័ត៌មាន ជាមួយក្រុមអ្នកសារព័ត៌មានជាតិ អន្តរជាតិ ក្រោយពីកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង័្សយ ជាខ្មាន់កាំភ្លើងលួចបាញ់ អ្នកកាសែត ឈ្មោះ ឈឿង ឈឹង ភ្នាក់ងារអង្គភាពសារព័ត៌មានកម្ពុជាអភិវឌ្ឍ ដោយអាវុធកែច្នៃ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង១៨ និង០០ នាទី ល្ងាច) នៅត្រង់ចំណុចដីចម្ការត្រពាំងរាំង ស្ថិតក្នុងភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។

លោកព្រះរាជអាជ្ញា បានបញ្ជាក់ថា ការរៀបចំសន្និសីទសារព័ត៌មាននេះឡើង ក្នុងគោលបំណងបំភ្លឺនូវការពិតនៃរឿងហេតុ និង ស្រាយចម្ងល់នានា ឆ្លើយតបទៅនឹងការបញ្ចេញមតិមួយចំនួន ដែលប្រាកចាកពីការពិត ក្នុងគោលបំណងទាញយកប្រយោជន៍ណាមួយ ដែលនាំឲ្យមានការភ័ន្តច្រឡំទៅលើការបញ្ចេញមតិខុសពីការពិតទាំងនោះ ។ ជាមួយគ្នានេះដែរលផកព្រះរាជអាជ្ញា បានសម្តែងនូវការសោកស្តាយ និង សូមចូលរួមរំលែកមរណភាពជូនចំពោះគ្រួសារ នៃសព ឈឿង ឈឹង ដែលបានបាត់បង់សមាជិកគ្រួសារម្នាក់ក្នុងករណីនេះ។
លោកមាស ចន្ទពិសិដ្ឋ ក៏បានបន្តបកស្រាយ អំពីដំណើររឿង ភស្តុតាង និង ចំណាត់ ការនៅក្នុងករណីនេះ ចាប់តាំងពីកើតហេតុភ្លាម រហូតឈានដល់ការកំណត់បានមុខសញ្ញា និងឃាត់ខ្លួនបានជនល្មើសឈ្មោះ ស៊ី លឿយ យកមកចោទប្រកាន់ទៅតាមនីតិវិធី ។
ឆ្លៀតក្នុងឱកាសនោះ លោកព្រះរាជអាជ្ញា ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចនគរបាលខេត្តសៀមរាប ដែលបានសហការគ្នាយ៉ាងល្អ ក្រោមការសម្របសម្រួលរបស់តំណាងអយ្យការ ក្នុងការកំណត់អត្តសញ្ញាណជនល្មើស និង បានឃាត់ខ្លួនជនល្មើសបាន ឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ ។
លោកព្រះរាជអាជ្ញាក៏បានសង្កត់ធ្ងន់ អំពីការប្រកាន់ជំហររបស់អយ្យការ ក្នុងការអនុវត្តច្បាប់ និង ឃ្លាំមើលការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ និង អនុវត្តសិទ្ធិដែលច្បាប់ផ្តល់ឲ្យ ទោះបីជាការសម្លាប់នេះក្រោមហេតុផលនៃទំនាស់ផលប្រយោជន៍បុគ្គលក៏ដោយ ដើម្បីធានាឲ្យបានថាជនល្មើសខាងលើ ត្រូវទទួលខុសត្រូវឲ្យ សមរម្យទៅនឹងអំពើ និងព្យសនកម្មដែលគាត់បានប្រព្រឹត្ត ៕