ខេត្តបាត់ដំបង៖ អគ្គីភ័យបានលេបត្របាក់យកអស់គ្មានសល់តូបលក់ដូរយ៉ាងតិចជិត១៥០តូប នៅលើផ្សារ«បឹងឈូក» ជាន់ទី១ ដែលស្ថិតនៅចំកណ្ដាល ក្រុងបាត់ដំបង កាលពីវេលាម៉ោង១០យប់ថ្ងៃទី ០៣ វិច្ឆិកា ដែលធ្វើឲ្យអាជីវករខាតបង់ម្នាក់ៗរាប់ម៉ឺនដុល្លា ជាពិសេស អាជីវករខ្លះទើបខ្ចីលុយធនាគាររាប់ម៉ឺនដុល្លា ទិញអីវ៉ាន់ចូលស្ដុបទើបបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ក៏ត្រូវភ្លើងឆេះអស់គ្មានសល់។ ប៉ុន្តែ ពុំមានគ្រោះថ្នាក់ដល់មនុស្សទេ។
យោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចបានឲ្យដឹងថា អគ្គីភ័យដ៏កាចសាហាវនេះ បានឆាបឆេះផ្នែកខាងលើ នៃអគារផ្សារ បឹងឈូក (ជាន់ទី១) ដែលភាគច្រើន នៃទំនិញ គឺលក់កំណាត់និងសម្លៀកបំពាក់។
អភិបាលក្រុងបាត់ដំបង លោក លាង វាសនា បានផ្ដល់ព័ត៏មានបឋមដែរថា តូបលក់ដូរនៅជាន់ទី១ ដែលត្រូវភ្លើងឆេះអស់គ្មានសល់មានចំនួន១៤៥តូប ក្នុងចំណោមតូបសរុប១៤៨តូប រីឯចំនួន៣តូបទៀត រងផលប៉ះពាល់។ ប៉ុន្តែលោកអភិបាលក្រុងរូបនេះ មិនទាន់ធ្វើការសន្និដ្ឋានពីមូលហេតុ ដែលនាំឲ្យមានអគី្គភ័យនេះកើតឡើងទេ។ នៅកន្លែងកើតហេតុ គេឃើញកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័ន បានចេញជួយអន្តរាគមន៏ ជួយលីសែង ជញ្ជូនអីវ៉ាន់របស់អាជីវករ រំដោះចេញពីតូបលក់ដូរផ្នែកខាងក្រោម នៃអគារផ្សារ ខណៈរថយន្តពន្លត់អគ្គីភ័យរបស់សមត្ថកិច្ចយ៉ាងតិចចំនួន១២គ្រឿងបានឡោមព័ទ្ធជុំវិញផ្សារបាញ់ទឹកពន្លត់ភ្លើងដែលកំពុងឆាបឆេះពេញបន្ទុក។ ក្នុងសកម្មភាពយ៉ាងសកម្ម ជួយអត្តរាគមន៏នេះ គេឃើញកម្លាំងយោធា និង កម្លាំងកងរាជអាវុធហត្ថ បានប្រឹងប្រែងលីសែង ជួយជន្លៀស និង ជញ្ជូនអីវ៉ាន់របស់អាជីវកររំដោះចេញក្នុងតូបលក់ដូរផ្នែកខាងក្រោម ខណៈអគ្គីភ័យកំពុងតែប្រឹងលេបត្របាក់តូបជិត១៥០តូប ដែលមានសម្លៀកបំពាក់ និង ក្រណាត់ នៅផ្នែកខាងលើ។
អធិការក្រុងបាត់ដំបង លោក ពេជ្រ សារ៉ែន បានប្រាប់ថា ស្ទើរពេញមួយយប់ កម្លាំងសមត្ថកិច្ចបានហ៊ុំព័ទ្ធអគារផ្សារ (យាម) ដើម្បីរងចាំគណៈកម្មការត្រូតពិនិត្យនៅព្រឹកថ្ងៃទី ៤ វិច្ឆិកា។ ប៉ុន្តែលោកមិនទាន់ដឹងពីមូលហេតុ ដែលនាំឲ្យមានអគ្គីភ័យដ៏កាចសាហាវនេះទេ។
ពាក់ព័ន្ធនឹងអគ្គីភ័យឆេះផ្សារបឹងឈូកទាំងកណ្ដាលយប់នេះ បើតាមសាក្សីរស់នៅក្បែរផ្សារបឹងឈូក បាននិយាយថា គេឃើញអគ្គីភ័យចាប់ផ្ដើមឆេះនៅចំពាក់កណ្ដាលតួរផ្សារជាន់លើ ផ្នែកខាងជើង។ ពេលនោះគេឮសម្លេងផ្ទះផូងផាង ហើយអណ្ដាលភ្លើងហក់ឡើងកាន់ខ្លាំង ឆេះរាលដាលយ៉ាងលឿន ពាសពេញក្នុងអគារផ្សារជាន់ទី១។
សាក្សីខ្លះអះអាងថា អគ្កីភ័យនេះអាចបណ្ដាលមកពីការទុស្សេខ្សែចរន្តអគ្គិសនី ខណៈមន្រ្តីជំនាញមិនទាន់ហ៊ានធ្វើការសន្និដ្ឋាននៅឡើយទេ។
អ្នកលក់ដូរក្នុងផ្សារបឹងឈូក បាននិយាយដែរថា ជាធម្មតាផ្សារបឹងឈូក ត្រូវបិទទ្វារនៅម៉ោង៧យប់ ហើយប្រព័ន្ធភ្លើងក៏ត្រូវបិទដែរ តែគេមិនដឹងយ៉ាងម៉េចបានជាមានអគ្គីភ័យកើតឡើងយ៉ាងសាហាវបែបនេះ ? ដោយឡែកបើនិយាយពីទំនិញនៅក្នុងតូបលក់ដូររបស់អាជីវករដែលត្រូវភ្លើងឆេះវិញ គឺអស់ទាំងស្រុងតែម្ដង។ ទំនិញភាគច្រើនជាសម្លៀកបំពាក់ និង កំណាត់ ដែលម្នាក់ៗខាត់បង់អស់រាប់ម៉ឺនដុល្លា។
តាមប្រភពពីអាជីវករ បានឲ្យដឹងថា ពួកគាត់ទើបខ្ចីលុយធនាគាររាប់ម៉ឺនដុល្លា ទិញអីវ៉ាន់ចូលស្ដុបទើបបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ក៏ត្រូវភ្លើងឆេះអស់គ្មានសល់។
របាយការណ៏បឋមរបស់ការិយាល័យជំនាញ បានឲ្យដឹងថា រថយន្តពន្លត់អគ្គីភ័យសរុបចំនួន១២គ្រឿង បានចូលជួយអន្តរាគមន៏ បាញ់ទឹកពន្លត់ តែដោយសារអីវ៉ាន់ភាគច្រើនជាក្រណាត់ ទើបត្រូវចំណាយទឹកជាច្រើនរថយន្ត ទើបសន្ទុះភ្លើងថមថយ តែអីវ៉ាន់ត្រូវខូចខាតទាំងស្រុង។ លោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានបញ្ជាក់ដែរថា គិតត្រិមម៉ោង៩ព្រឹកថ្ងៃទី ៤ វិច្ឆិកា នេះយើងមិនទានអាចវាយតំលៃពីការខូចខាតបាននៅឡើយទេ។ ព្រោះយើងកំពុងប្រជុំបង្កើតគណៈកម្មការ ដើម្បីចុះពិនិត្យកន្លែងកើតហេតុផ្ទាល់ និង ធ្វើការស្រាវជ្រាវរកមូលហេតុ ដែលនាំឲ្យមានអគ្គីភ័យនេះកើតឡើង៕
