Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកភ្នំដិន រងការចោទប្រកាន់ពីពលរដ្ឋ ថាបានបើកដៃឱ្យឈ្មួញនាំទំនិញគេចពន្ធពីវៀតណាម ចូលមកកម្ពុជាយ៉ាងគំហុក

តាកែវ៖ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកភ្នំដិន ក្នុងស្រុកគិរីវង់ ខេត្តតាកែវ លោក អ៊ុក គឹមកណ្ណិកា រងការចោទប្រកាន់ពីពលរដ្ឋថាបានបើកដៃឱ្យឈ្មួញនាំទំនិញគេចពន្ធពីប្រទេសវៀតណាម ចូលមកកម្ពុជា ជារៀងរាល់ថ្ងៃ ដោយគ្មានការពិនិត្យត្រឹមត្រូវ បង់តែលុយចូលតែម្ដង។

បើតាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា លោក អ៊ុក គឹមកណ្ណិកា បានបេីកដៃឱ្យឈ្មួញនាំទំនិញគេចពន្ធពីវៀតណាម ចូលមកកម្ពុជា ដោយមិនបានពិនិត្យត្រឹមត្រូវ ហើយលោកបានប្រើកូនចៅឱ្យបើកបារាស់យកលុយពីជនជាតិវៀតណាម ចេញចូលដោយសេរី ជារៀងរាល់ថ្ងៃ មិនចាំបាច់មានឯកសារអ្វីសំខាន់នោះទេ គឺបង់តែលុយឱ្យពួកមន្ត្រីនគរបាលអន្តោប្រវេសន៍ គឺជាការស្រេច។

ប្រភពដែលបានឱ្យដឹងថា តាមទម្លាប់លោក អ៊ុក គឹមកណ្ណិកា មិនសូវបង្ហាញមុខនៅកន្លែងធ្វើការទេ ដោយមានតែកូនចៅចាំយកលុយពីការចេញចូលរបស់ជនជាតិវៀតណាម និងរថយន្តដឹកទំនិញឆ្លងកាត់ចេញចូលតែប៉ុណ្ណោះ។ ជាងនេះទៅទៀត មន្ត្រីនគរបាលដែលប្រចាំការនៅទីនោះភាគច្រើនជួលជនស៊ីវិលឱ្យចាំទទួលយកលុយរថយន្តដឹកទំនិញចេញចូល។

ជាមួយគ្នានោះ លោក វី សំណាង អភិបាលខេត្តតាកែវ ដែលទើបឡើងកាន់តំណែង បានចេញបញ្ជាមិនអនុញ្ញាតឱ្យមានជនជាតិវៀតណាម លក់ឆ្នោតកន្ទុយ លេខ សន្លឹកឆ្នោតផ្សងសំណាងនៅក្នុងមូលដ្ឋានឡើយ។ ប៉ុន្តែជាក់ស្តែងអ្នកលក់ឆ្នោតជនជាតិវៀតណាម នៅតែបន្តចូលលក់ឆ្នោតពេញក្រុងដូនកែវ ខេត្តតាកែវ រាល់ថ្ងៃ មានន័យថា ជនជាតិវៀតណាម ចូលមកស្រុកខ្មែររាល់ថ្ងៃនេះគឺគ្រាន់តែបង់លុយឱ្យមន្ត្រីនៅច្រកព្រំដែនជាការស្រេច។

ពលរដ្ឋចោទជាសំណួរថា តើលោកនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកភ្នំដិន មានខ្នងធំមែនទេ? ទើបមិនខ្លាចច្បាប់ហ៊ានបែបនេះ?