ព្រៃវែង៖ ទីតាំងមាន់ជល់អនឡាញមួយកន្លែង ក្នុងភូមិប្រុសស្រែមុខ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បានបើកលេងបានយ៉ាងរលូន មិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ច ខណៈពលរដ្ឋដាក់ការសង្ស័យថា ប្រហែលជាឆ្នាំងបាយសមត្ថកិច្ចហើយ ទើបទីតាំងមួយនេះបើកលេងបានជាយូរមកហើយ។

ប្រភពពីពលរដ្ឋបន្ថែមថា ទីតាំងនេះនៅទល់មុខផ្សារកញ្ជ្រៀចតែម្ដង ដោយពលរដ្ឋតែងហៅថា ផ្ទះគ្រូសម្បត្តិ គ្រូសម្បត្តិ មានលក់បាយ គុយទាវ និងកាហ្វេហើយ ក៏ឆ្លៀតមានលួចដាក់មាន់ជល់អនឡាញបន្ថែមទៀត។
ពលរដ្ឋលើកឡើងថា ពាក្យថាភូមិឃុំមានសុវត្ថិភាព ហាក់មិនសូវមានប្រសិទ្ធភាពទេពេលនេះ បើកបនល្បែងស៊ីសងជល់មាន់តាមអនឡាញនៅតែបើកលេងបន្តយ៉ាងដូច្នេះ ហើយសមត្ថកិច្ចក្នុងមូលដ្ឋាន មិនដឹងថាលោកបានដឹង ឬមិនដឹង ឬមួយក៏ដឹងហើយធ្វើជាមិនដឹង បិទភ្នែកបិទច្រមុះធ្វើមិនឮ ឬក៏យ៉ាងណា។
ជុំវិញបញ្ហានេះ អ្នកពាក់ព័ន្ធនៅមិនទាន់សុំការបំភ្លឺពីលោកវរសេនីយ៍ឯក សៅ ចាន់ថា អធិការស្រុកកញ្ច្រៀច និង លោកមេប៉ុស្តិ៍នគរបាល ក្ដឿងរាយ នៅឡើយទេ។ អ្នកព័ត៌មានយើងរង់ចាំរាល់ការបំភ្លឺ និង ផ្សាយជូនសាធារណជនជាបន្តបន្ទាប់ទៀតជុំវិញបញ្ហានេះ៕
