ព្រះសីហនុ ៖ នគរបាលប្រឆាំងគ្រឿងញៀនបានឃាត់ខ្លួនជនជាតិចិន ខ្មែរ វៀតណាមចំនួន៩នាក់ ដកហូតនៅវត្ថុតាងជាសារធាតុញៀនជិត ១០០គីឡូក្រាម និងអាវុធចំនួន ២ដើមកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រុមទី៣ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ករណីបង្ក្រាបបទល្មើសជួញដូររក្សាទុកនៅសារធាតុញៀន និងផលិតថ្នាំញៀនដោយខុសច្បាប់ ដោយបានចុះបង្ក្រាបនៅកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ មានការចូលរួមពីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន និងបានសហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ ហើយក៏មានការជួយសម្របសម្រួលនីតិវិធីពីដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង អយ្យការអមដំបូងខេត្ដព្រះសីហនុ បានចុះបង្រ្កាបករណីជួញដូររក្សាទុក និងផលិតដោយខុសច្បាប់នូវសារធាតុញៀន។

ប្រតិបត្តិការនេះដំបូងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ជាជនជាតិចិន ព្រមទាំងបានដកហូតវត្ថុតាងមួយចំនួន មានដូចជា៖ ម្ស៉ៅក្រាមពណ៌(ស)ដោយសង្ស័យជាសារធាតុចំនួន ១០ដុំ រួមទាំងបានឃាត់នៅរថយន្ដមួយគ្រឿង ម៉ាក ROLL-ROY ពណ៌ខ្មៅ ពាក់ស្លាកលេខ (កម្ពុជា.ZCY.1688) ។ បន្ទាប់មកឈានមកដល់ម៉ោង១ និង០០នាទីនៅថ្ងៃខែឆ្នាំដដែល ដោយជនសង្ស័យខាងលើនេះ បានសហការជាមួយនឹងកម្លាំងសមត្ថកិច្ច បន្ដទៅឆែកឆេរផ្ទះស្នាក់នៅរបស់ខ្លួន ដែលស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ទៀត ដែលជាជនជាតិចិនចំនួន ៣នាក់ ស្រី ១នាក់ ជាជនជាតិខ្មែរ រួមទាំងបានដកហូតនៅវត្ថុតាងមួយចំនួនរួមមាន៖ ម្ស៉ៅក្រាមពណ៌(ស ថ្លា)សង្ស័យជាសារធាតុញៀនមួយចំនួនធំ និងសារធាតុគីមីផ្សំមួយចំនួនធំផងដែរ ។

ព្រមទាំងធ្វើការឃាត់រថយន្ដចំនួន ៣គ្រឿង៖
១-រថយន្ដម៉ាក LEXUS ពណ៌ខ្មៅ ពាក់ស្លាកលេខ (កម្ពុជា T.H 6768)
២-រថយន្ដម៉ាក RANGE ROVER ពាក់ស្លាកលេខ ព្ររះសីហនុ 2D-8000
៣-រថយន្ដម៉ាក CHEVROLET CAMARO ពាក់ស្លាកលេខ (កម្ពុជា XING 5463)។
ក្នុងចុះបង្ក្រាបខាងលើនេះនៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ២និង០០នាទី តាមចម្លេីយជនសង្ស័យទាំងអស់ខាងលើនេះ កម្លាំងសមត្ថកិច្ច ក៏ឈានទៅដល់ការឆែកឆេរនៅផ្ទះវីឡាមួយកន្លែង គ្មានលេខ ដោយស្ថិតក្នុងក្រុមទី៥ ភូមិ៣ សង្កាត់លរខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបក្ខពួកចំនួន ៤នាក់បន្ថែមទៀត ស្រី ១នាក់ក្នុងនោះជនជាតិចិនចំនួន ៣នាក់ និងជនជាតិវៀតណាមស្រី ១នាក់
រួមទាំងបានដកហូតនៅវត្ថុតាងរួមមាន រថយន្ដចំនួន ១គ្រឿង ម៉ាក TUNDRA ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2AF-7179 និងប្រាក់ចំនួន ១៦០០០ដុល្លារ(មួយម៉ឺន ប្រាំមួយពាន់ដុល្លារ) នាឡិកាដៃចំនួន ២គ្រឿង ម៉ាក ROLAX និងម៉ាក CARTIER ព្រមទាំងកាំភ្លើងខ្លីចំនួន ២ដើមផងដែរ សូមបញ្ជាក់ផងដែរថាបច្ចុប្បន្នវត្ថុតាង និងជនសង្ស័យទាំងអស់ខាងលើ ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបញ្ជូនទៅរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់៕
