ខេត្តព្រះវិហារ ៖ អាជ្ញាធរខេត្តព្រះវិហារ បានចេញសេចក្តីប្រកាសឱ្យដឹងថា នាប៉ុន្មានថ្ងៃនេះ មានអង្គការក្រៅរដ្ឋាភិបាលមួយ បានផ្សព្វផ្សាយព័ត៌មាន អំពីកិច្ចសម្ភាសន៍ជាមួយ ក្រុមប្រជាពលរដ្ឋ ដែលអះអាងថា កំពុងតែរត់ភៀសខ្លួនទៅសម្ងំពួនក្នុងព្រៃគេចចេញពីការធ្វើទុក្ខបុកម្នេញ និងការចាប់ខ្លួនពីសំណាក់អាជ្ញាធរខេត្តព្រះវិហារ។
រដ្ឋបាលខេត្តព្រះវិហារ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋកុំចាញ់បោកឧបាយកលក្រុមជនមួយក្តាប់តូច ដែលជ្រកក្រោមស្លាកអង្គការក្រៅរដ្ឋាភិបាលមួយនេះ ដែលមានគំនិតទុច្ចរិត យកបងប្អូន ដើម្បីកេងចំណេញនយោបាយ។ ប្រសិនជាអង្គការក្រៅរដ្ឋាភិបាលមួយនេះ មានចេតនាទុច្ចរិត សូមសហការផ្តល់ព័ត៌មានអំពីទីតាំងរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីអាជ្ញាធរខេត្តទទួលបងប្អូនប្រជាពលរដ្ឋឱ្យត្រឡប់មកផ្ទះសម្បែងវិញ ប្រកបដោយការទទួលខុសត្រូវ និងមនុស្សធម៌។

រូបភាព លីកាដូ
ការចេញសេចក្តីអំពាវនាវនេះ បានធ្វើឡើង ក្រោយប៉ះទង្គិចហិង្សាជាមួយអាជ្ញាធរក្នុងស្រុកគូលែន ខេត្តព្រះវិហារទាក់ទងនឹងការបណ្តេញចេញពីលំនៅឋាន កាលពីដើមខែមីនា ប្រជាពលរដ្ឋជាង ៣០ នាក់ បន្តរស់នៅក្នុងព្រៃ ដោយសារតែពួកគេខ្លាចអាជ្ញាធរចាប់ដាក់ពន្ធនាគារ ដូចពលរដ្ឋជិត ៣០ នាក់ ដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារពីបទឈូសឆាយដីព្រៃ។ នេះបើតាមប្រជាពលរដ្ឋ និងសកម្មជនដែលតាមដានរឿងនេះ ។ ប្រជាពលរដ្ឋបានស្នើអាជ្ញាធរបញ្ឈប់ការយាយី និងដោះស្រាយបញ្ហាដីធ្លីដោយសន្តិវិធី។
ពលរដ្ឋទាំងនោះនៅថ្ងៃសុក្រនេះថា ប្រសិនបើអាជ្ញាធរមិនមានដំណោះស្រាយលើវិវាទដីធ្លីនេះទេ ពួកគេនឹងចំណាកស្រុកទៅប្រទេសថៃ ដើម្បីជីវភាព និងដោះស្រាយបំណុល ជាពិសេសផ្គត់ផ្គង់កូនចៅរបស់ពួកគេ។ ពួកគេថា ការចំណាកស្រុក គឺដោយសារតែគ្មានជម្រើស និងគ្មានមុខរបរចិញ្ចឹមជីវិតបន្ត ព្រោះផ្ទះសម្បែង និងដីធ្លីកសិកម្មដែលធ្លាប់អាស្រ័យផលជាង ១០ឆ្នាំ ត្រូវបានអាជ្ញាធរដុតបំផ្លាញនិងបាត់បង់។
