គណៈកម្មការអឺរ៉ុបបាននិយាយថា ប្រព័ន្ធរុករករបស់យន្តហោះដឹកលោកស្រីUrsula von der Leyen ប្រធានសហគមន៍ អ៉ឺរុប ត្រូវបានរំខានដោយសារតែមានការសង្ស័យថា មានការជ្រៀតជ្រែកពីរុស្ស៊ី។
អ្នកនាំពាក្យម្នាក់បាននិយាយថា «ការស្ទះ GPS»បានកើតឡើងខណៈពេលដែលប្រធានគណៈកម្មការហៀបនឹងទៅដល់ប្រទេសប៊ុលហ្គារីភាគខាងត្បូងកាលពីថ្ងៃអាទិត្យ ប៉ុន្តែលោកស្រីនៅតែចុះចតដោយសុវត្ថិភាព។
ពួកគេបានបន្ថែមថា «យើងបានទទួលព័ត៌មានពីអាជ្ញាធរប៊ុលហ្គារី ដែលពួកគេសង្ស័យថា នេះគឺដោយសារតែការជ្រៀតជ្រែកដោយរុស្សី»។

ប្រធានគណៈកម្មការអឺរ៉ុប (EC) Ursula von der Leyen និងនាយករដ្ឋមន្ត្រីប៊ុលហ្គារី Rosen Zhelyazkov កំពុងផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ពួកគេទៅកាន់ VMZ-Sopot
កាសែត Financial Times ដែលដកស្រង់សម្តីមន្ត្រីមិនបញ្ចេញឈ្មោះបានរាយការណ៍ថា យន្តហោះរបស់លោកស្រី von der Leyen ត្រូវចុះចតនៅអាកាសយានដ្ឋាន Plovdiv ជាមួយអ្នកបើកយន្តហោះដោយប្រើផែនទីក្រដាស។
គណៈកម្មការអឺរ៉ុបបាននិយាយថា “ការគំរាមកំហែង និងការបំភិតបំភ័យគឺជាធាតុផ្សំជាប្រចាំនៃសកម្មភាពអរិភាពរបស់រុស្ស៊ី” ហើយថាឧបទ្ទវហេតុនេះនឹងពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការ “បង្កើនសមត្ថភាពការពារ និងការគាំទ្ររបស់យើងសម្រាប់អ៊ុយក្រែន”។
ស្នងការការពារជាតិរបស់ប្លុកលោក Andrius Kubilius បាននិយាយបន្ទាប់ពីឧបទ្ទវហេតុនេះថា EU នឹងដាក់ពង្រាយផ្កាយរណបបន្ថែមទៅក្នុងគន្លងផែនដីទាប ក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការរកឃើញការជ្រៀតជ្រែក GPS ។
រដ្ឋាភិបាលប៊ុលហ្គារីបានបញ្ជាក់ថា ក្នុងអំឡុងពេលហោះហើរ “សញ្ញាផ្កាយរណបដែលបញ្ជូនព័ត៌មានទៅកាន់ប្រព័ន្ធរុករក GPS របស់យន្តហោះត្រូវបានអព្យាក្រឹត” ។
សេចក្តីថ្លែងការណ៍បានបន្តថា៖ «ដើម្បីធានាសុវត្ថិភាពនៃការហោះហើរ សេវាកម្មត្រួតពិនិត្យអាកាសភ្លាមៗបានផ្តល់នូវវិធីសាស្រ្តចុះចតជំនួសដោយប្រើប្រាស់ឧបករណ៍រុករកលើដី»។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ FT ថាព័ត៌មានរបស់វាគឺ «មិនត្រឹមត្រូវ»។
អាជ្ញាធរសេវាកម្មចរាចរណ៍ផ្លូវអាកាសប៊ុលហ្គារី បាននិយាយថា មានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងឧប្បត្តិហេតុ GPS រួមទាំងការកកស្ទះចាប់តាំងពីខែកុម្ភៈ ឆ្នាំ 2022 នៅពេលដែលរុស្ស៊ីចាប់ផ្តើមការលុកលុយពេញលេញរបស់ខ្លួនលើអ៊ុយក្រែន។
ឧប្បត្តិហេតុរាប់ម៉ឺនករណីនៃការកកស្ទះត្រូវបានរាយការណ៍ដោយក្រុមហ៊ុនអាកាសចរណ៍ដែលប្រតិបត្តិការនៅជុំវិញឆ្នេរសមុទ្របាល់ទិកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រទេសបាល់ទិកទាំងបី – ឡាតវី លីទុយអានី និងអេស្តូនី – ត្រូវបានរុស្ស៊ី ចាត់ទុកថា នឹងយកមកគ្រប់គ្រងនៅពេលណាមួយ។
កាលពីខែមីនា ឆ្នាំ 2024 យន្តហោះ RAF ដឹកលោក Grant Schapps រដ្ឋលេខាធិការក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបានរាយការណ៍អំពីឧប្បត្តិហេតុក្លែងក្លាយ ដែលសញ្ញាត្រូវបានជំនួសដោយក្លែងក្លាយ ដែលបង្ហាញពីទីតាំងមិនពិត។
យន្តហោះដែលបានហោះហើរនៅជិតតំបន់ Kaliningrad របស់រុស្ស៊ី ដែលស្ថិតនៅចន្លោះប្រទេសប៉ូឡូញ និងលីទុយអានី អាចបន្តដំណើររបស់ខ្លួនដោយសុវត្ថិភាព។
បញ្ហានេះបានរីករាលដាលយ៉ាងខ្លាំងដែលទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុប (EASA) និងសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បានកោះប្រជុំសន្និសីទពិសេសមួយនៅឆ្នាំ 2024 ដើម្បីពិភាក្សាអំពីឧប្បត្តិហេតុក្លែងបន្លំ ដោយព្រមានថាពួកគេអាច «បង្កបញ្ហាប្រឈមយ៉ាងសំខាន់ចំពោះសុវត្ថិភាពអាកាសចរណ៍»។
រដ្ឋមន្ត្រីការបរទេសអឺរ៉ុបខាងកើតជាច្រើនក៏បានបន្លឺសញ្ញាព្រមានផងដែរ ដោយនិយាយថា ប្រសិនបើសញ្ញា GPS សម្រាប់អាកាសចរណ៍នៅតែបន្តត្រូវបានរំខាន នោះគ្រោះមហន្តរាយផ្លូវអាកាសមិនអាចត្រូវបានបដិសេធឡើយ។
ជើងហោះហើរមួយចំនួនដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ហ្វាំងឡង់ Finnair ដែលភ្ជាប់ទៅនឹងប្រទេសអេស្តូនី បានវិលត្រឡប់ក្រោយកាលពីឆ្នាំមុន បន្ទាប់ពីអាកាសយានិកអះអាងថា ពួកគេមិនអាចធ្វើដំណើរដោយសុវត្ថិភាពដោយសារតែការបាត់ប្រពន្ធ័បង្ហាញផ្លូវ។ រដ្ឋមន្ត្រីការបរទេសលីទុយអានីបានប្រដូចវាទៅនឹង «វាហាក់ដូចជា នរណាម្នាក់បិទភ្លើងមុខរបស់អ្នក នៅពេលអ្នកកំពុងបើកបរនៅពេលយប់»។
ប៉ុន្តែមានអ្នកខ្លះជំទាស់នឹងភាពធ្ងន់ធ្ងរនៃការស្ទះ GPS។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ចក្រភពអង់គ្លេស (CAA) បានប្រាប់ BBC ថា «ប្រព័ន្ធរុករកដ៏ស្មុគស្មាញរបស់យន្តហោះ… មិនពឹងផ្អែកតែលើ GPS នោះទេ ដូច្នេះ ការជ្រៀតជ្រែកណាមួយមិនប៉ះពាល់ដល់ការរុករកដោយផ្ទាល់របស់យន្តហោះនោះទេ»។
CAA បាននិយាយថា ការជាប់គាំង GPS និងការក្លែងបន្លំបានកើតឡើងជាចម្បងនៅជិតតំបន់ជម្លោះដែលជាលទ្ធផលនៃសកម្មភាពយោធា «ជាជាងសកម្មភាពដោយចេតនាក្នុងការជ្រៀតជ្រែកក្នុងប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវអាកាសពាណិជ្ជកម្មសកល»។
ទីក្រុងមូស្គូតែងតែបដិសេធការចោទប្រកាន់អំពីការជ្រៀតជ្រែក ឬការវាយប្រហារលើអាកាសចរណ៍ពាណិជ្ជកម្ម ហើយមិនទាន់មានទំនាក់ទំនងណាមួយត្រូវបានបង្កើតឡើងរវាងរុស្ស៊ី និងការកើនឡើងនៃការកកស្ទះ GPS ។
ប៉ុន្តែ រដ្ឋាភិបាលអឺរ៉ុប និងអ្នកជំនាញបានបន្ទោសរុស្ស៊ីជាប្រចាំ ដោយអះអាងថា ការអនុវត្តបែបនេះ សមស្របនឹងយុទ្ធសាស្ត្ររបស់វិមានក្រឹមឡាំង ដែលត្រូវបានចោទប្រកាន់ជាទូទៅ ដើម្បីបង្កភាពវឹកវរ និងបំផ្លាញសន្តិសុខអឺរ៉ុប។
ខណៈពេលដែលយន្តហោះអាចពឹងផ្អែកលើទម្រង់នៃការរុករកផ្សេងទៀតជាជាង GPS ការកកស្ទះវានៅពាក់កណ្តាលជើងហោះហើរអាចបង្កើន ហានិភ័យនៃការប៉ះទង្គិច – ទាំងជាមួយយន្តហោះផ្សេងទៀត ឬដោយធ្វើឱ្យអ្នកបើកយន្តហោះហោះហើរដោយអចេតនាទៅក្នុងដី ទឹក ឬឧបសគ្គផ្សេងទៀត។
Keir Giles ដែលជាអ្នកប្រឹក្សាជាន់ខ្ពស់នៃកម្មវិធី Chatham House Russia and Eurasia Programme បានប្រាប់ BBC ការជ្រៀតជ្រែកបែបនេះពិតជាបានក្លាយទៅជា «លក្ខណៈពិសេសឥតឈប់ឈរ»នៃការហោះហើរនៅជិតប្រទេសរុស្ស៊ី ដែលរំខានដល់ពេលវេលា និងសេវាកម្មទីតាំងដែល “ត«រូវបានទទួលយកពីមុន»។
លោកបានមានប្រសាសន៍ថា «ពួកគេបានចេញពីឧប្បត្តិហេតុដាច់ស្រយាលទៅជាភាពធម្មតា» គាត់បាននិយាយថា «គ្មាននរណាម្នាក់មានឆន្ទៈឬអាចបញ្ចុះបញ្ចូលទីក្រុងម៉ូស្គូឱ្យបញ្ឈប់ យុទ្ធនាការនៃការជ្រៀតជ្រែក ដែលលកំពុងពង្រីក»។
លោក Von der Leyen កំពុងបំពេញទស្សនកិច្ចនៅប្រទេសប៊ុលហ្គារី ជាផ្នែកនៃដំណើរទស្សនៈកិច្ចនៃរដ្ឋ EU ភាគខាងកើត ដើម្បីពិភាក្សាអំពីការត្រៀមលក្ខណៈការពារជាតិ។
អ្នកនាំពាក្យគណៈកម្មាការបាននិយាយថា លោកស្រីបានជួបប្រទះឃើញការលូកដំបូងនៃការគំរាមកំហែងជារៀងរាល់ថ្ងៃពីប្រទេសរុស្ស៊ី និងភ្នាក់ងាររបស់ខ្លួនក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ៕