អេស្តូនី ត្រៀមបញ្ជូនទាហានមួយកងពលទៅអ៊ុយក្រែន ដើម្បីរក្សាសន្តិភាព – នាយករដ្ឋមន្ត្រី
អេស្តូនីបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពនៅអ៊ុយក្រែនដោយដាក់ពង្រាយកម្លាំងរហូតដល់មួយកងពល។ នេះបើយោងតាមនាយករដ្ឋមន្ត្រី Kristen Michal ។
លោកនាយករដ្ឋមន្ត្រី បានប្រកាសដូច្នេះ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមជាមួយនាយករដ្ឋមន្ត្រីហ្វាំងឡង់ Petteri Orpo នៅក្រុង Tallinn។
នាយករដ្ឋមន្ត្រី Kristen Michal មិនបានបញ្ជាក់ពីចំនួនទាហានពិតប្រាកដដែលនឹងចូលរួមនោះទេ។
យោងតាមទីភ្នាក់ងារ ERR នាយករដ្ឋមន្ត្រីអេស្តូនី បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ហ្វាំងឡង់ក្នុងការជួយបញ្ចប់ការឈ្លានពាន របស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។
លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា គោលដៅរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀ ពូទីន នៅតែមិនផ្លាស់ប្តូរ៖ «គាត់ចង់គ្រប់គ្រងអ៊ុយក្រែនទាំងអស់ និងការគ្រប់គ្រងឡើងវិញនូវប្រព័ន្ធសន្តិសុខអឺរ៉ុបបច្ចុប្បន្ន»។