Connect with us

Hi, what are you looking for?

ទស្សនៈ

តើហេតុអ្វីបានជាសត្វស្រមោច និងសង្អារខាំគ្នាទៅរមាស់ដល់សត្វដំរី (ជប៉ុន)?

អត្ថបទនេះដកស្រង់ពីផេក  សាស្ត្រាចារ្យ អណ្ដើក

តើហេតុអ្វីបានជាសត្វស្រមោច និងសង្អារខាំគ្នាទៅរមាស់ដល់សត្វដំរី ?

កម្ពុជា និងថៃ ត្រូវស្វែងរកដំណោះស្រាយបើកច្រកព្រំដែនឱ្យបានឆាប់តាមការចង់បានរបស់ជប៉ុន ព្រោះធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយ និងសេដ្ឋកិច្ចជប៉ុនធ្ងន់ធ្ងរដូចជា៖

១.ផលប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ជប៉ុនៈ
• សង្វាក់ផ្គត់ផ្គង់៖ ជប៉ុនបានបណ្តាក់ទុនយ៉ាងច្រើននៅប្រទេសថៃ ដែលមានក្រុមហ៊ុនជប៉ុនរហូតដល់៦.០០០នៅឆ្នាំ២០២៥ និងនៅកម្ពុជាមានក្រុមហ៊ុនជប៉ុនប្រមាណ២៧០ប៉ុណ្ណោះ។ ការបើកច្រកព្រំដែនឡើងវិញធ្វើឱ្យលំហូរដោយរលូននៃទំនិញ គ្រឿងបន្លាស់ និងវត្ថុធាតុដើមរបស់រោងចក្រជប៉ុនដែលមាននៅក្នុងប្រទេសទាំងពីរ។
• បណ្តាញផលិតកម្មក្នុងតំបន់៖ ក្រុមហ៊ុនជប៉ុនតែងតែប្រើយុទ្ធសាស្ត្រ “Plus +1” ដែលប្រទេសថៃដើរតួជាមជ្ឈមណ្ឌលសំខាន់ក្នុងតំបន់ ហើយកម្ពុជាផ្តល់នូវផលិតកម្មដែលមានតម្លៃទាប។ ការបើកព្រំដែនឡើងវិញ ធ្វើឱ្យមានប្រសិទ្ធភាពនៃធាតុចូល និងផលិតផលសម្រេចសម្រាប់ក្រុមហ៊ុនជប៉ុនផ្គត់ផ្គង់ទីផ្សារក្នុងតំបន់និងសកល។
• ទេសចរណ៍៖ អ្នកទេសចរជប៉ុនតែងតែទៅលេងប្រទេសទាំងពីរក្នុងដំណើរកម្សាន្តតែមួយ (ទៅថៃជាង១លាននាក់) ទៅកម្ពុជា(ជាង២០ម៉ឺននាក់)ក្នុង១ឆ្នាំៗ។ចំណែកទេសចរថៃទៅជប៉ុនក្នុងមួយឆ្នាំៗជាង១លាននាក់ដែរ ដូច្នេះការបើកច្រកព្រំដែនឡើងវិញជួយសម្រួលដល់វិស័យទេសចរណ៍ពហុគោលដៅ ដែលផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ និងអាជីវកម្មទេសចរណ៍ជប៉ុន។ យើងដឹងហើយថាជនជាតិជប៉ុន គឺជាតិនិយមណាស់ ដើរលេងជិះយន្តហោះជប៉ុន, ស្នាក់នៅសណ្ឋាគារជប៉ុន និងចូលភោជនីយយដ្ឋានជប៉ុន ដូច្នេះគ្រាន់តែវិស័យទេសចរណ៍ធ្វើឱ្យជប៉ុន និងថៃខាតបង់ជាច្រើន។
២.ការការពារអ្នកវិនិយោគជប៉ុន
• ជប៉ុនគឺជាអ្នកវិនិយោគបរទេសធំជាងគេមួយនៅប្រទេសថៃ ហើយកំពុងពង្រីកការវិនិយោគនៅកម្ពុជា។ ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនប្រកបដោយស្ថិរភាព និងការដឹកជញ្ជូនកាត់បន្ថយហានិភ័យអាជីវកម្ម និងការពារការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន។
• ប្រសិនបើព្រំដែនមិនត្រូវបានបើកឡើងវិញ ថ្លៃដឹកជញ្ជូនកើនឡើង ហើយរំខាន់ដល់ការផលិត ដែលអាចប៉ះពាល់ដល់ការប្រកួតប្រជែងរបស់ក្រុមហ៊ុនជប៉ុននៅក្នុងអាស៊ាន។
៣. ស្ថិរភាពក្នុងតំបន់ និងការតភ្ជាប់របស់អាស៊ាន
• ប្រទេសជប៉ុនលើកកម្ពស់ចក្ខុវិស័យ “សេរី និងបើកចំហឥណ្ឌូប៉ាស៊ីហ្វិក”(FOIP) និងគាំទ្រការតភ្ជាប់អាស៊ាន។ ការបើកព្រំដែនកម្ពុជា-ថៃ ពង្រឹងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ ដែលជប៉ុនបានគាំទ្រជាយូរមកហើយ តាម រយៈក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន។
• ចលនាឆ្លងកាត់ព្រំដែនដោយរលូន រួមចំណែកដល់ស្ថិរភាពនយោបាយ និងកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់មេគង្គ ដែលមានសារៈសំខាន់សម្រាប់វត្តមានយុទ្ធសាស្ត្ររយៈពេលវែងរបស់ប្រទេសជប៉ុន។
៤. ភូមិសាស្ត្រនយោបាយ
• ជប៉ុនចង់ធ្វើឱ្យមានតុល្យភាពឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោក។ តាម រយៈការគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ច និងការតភ្ជាប់រវាងកម្ពុជា ថៃ និងវៀតណាម ប្រទេសជប៉ុនបានពង្រឹងអំណាចទន់ និងឥទ្ធិពលរបស់ខ្លួននៅក្នុងអនុតំបន់មេគង្គ។
៥.ការបិទព្រំដែនគឺជាឧបសគ្គសំខាន់ក្នុងការបម្លែងកម្ពុជាឱ្យក្លាយជាតំបន់ផលិតកម្ម “Plus One” និងមជ្ឈមណ្ឌលផ្គត់ផ្គង់ខ្សែសង្វាក់ផលិតកម្មដ៏សំខាន់នៅក្នុងតំបន់មេគង្គ អាស៊ីអាគ្នេយ៍ និងសកល។ ជាពិសេសជប៉ុន ចង់យកកម្ពុជា ជាចំណុចកណ្តាលនៃការតភ្ជាប់រវាងថៃ និងវៀតណាម។ ប្រសិនបើការបើកច្រកព្រំដែនឡើងវិញឱ្យបានឆាប់ កម្ពុជាអាចនឹងទទួលបានទំនុកចិត្តពីក្រុមហ៊ុនជប៉ុន “Cambodia + 1” ហេតុនេះកម្ពុជាអាចទាក់ទាញអ្នកវិនិយោគជប៉ុនរាប់ពាន់ក្រុមឱ្យមកបណ្តាក់ទុននៅកម្ពុជា។
៦.រាជរដ្ឋាភិបាលមានគោលនយោបាយផ្តល់ដីសម្បទានដល់ក្រុមហ៊ុនវិនិយោគបរទេសរួចទៅហើយមានរយៈពេល៣០ឆ្នាំ, ៥០ឆ្នាំ រហូតដល់ទៅ៩០ឆ្នាំ ដូច្នេះទីតាំងពុំមែនជាបញ្ហានោះទេ អ្វីដែលជាបញ្ហាប្រឈមរបស់កម្ពុជាគឺកសាងទំនុកចិត្តដល់អ្នកវិនិយោគទុនជប៉ុន, ការកសាងធនធានមនុស្សផ្នែកកម្មករជំនាញ, បច្ចេកទេសនិងវិទ្យាសាស្ត្រឱ្យបានច្រើន និងការកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យបានល្អប្រសើរ។
៧.អ្វីដែលក្រុមហ៊ុនជប៉ុន ចង់បានគឺក្រុមហ៊ុនចម្រុះ មានន័យថា កម្ពុជា៥០% ជប៉ុន ៥០% ក្រុមហ៊ុនជប៉ុននៅថៃភាគីច្រើនគឺបែបនេះ។ ដូច្នេះលោកអ្នកឧកញ៉ាៗនៅកម្ពុជា គួរងាកមករកបង្កើតក្រុមហ៊ុនចម្រុះអន្តរជាតិ ជាជាងប្រកួតប្រជែងគ្នាផលិតស្រាបៀរ វាមិនបានជួយជាតិច្រើនទេ តែវាបានបំផ្លាញសក្តានុពលរបស់យុវជនទៅវិញ។ គួរស្វែងរកដៃគូកសាងរោងចក្រកែច្នៃផលិតផលកសិកម្ម ដើម្បីជួយដល់កសិករ ឱ្យពួកគាត់មានជីវភាពធូរធារទាំងអស់គ្នា កុំមានតែមួយក្រុមតូចនោះប្រទេសជាតិក៏មិនរីកចម្រើនដែរ។
៨.សូមជូនទ្រឹស្តីចិនមួយថា “ដែលហៅថារដូវផ្ការីក លុះត្រាវារីកទូទាំងប្រទេស បើវារីកមួយដើមពីរដើមក៏មិនហៅថារដូវផ្ការីកដែរ” មានន័យថា ប្រទេសអភិវឌ្ឍរីកចម្រើន លុះត្រារីកចម្រើនគ្រប់តំបន់ខេត្តក្រុង ប្រជាជនមានជីវភាពធូរធារគ្រប់គ្នា បើមានតែមួយក្រុមតូចក៏មិនហៅប្រទេសអភិវឌ្ឍដែរ។

នៅតែមានអ្នកមិនយល់ ! ត្រូវចាំថា “ចិន និងជប៉ុនជាអ្នករកស៊ីស្វែងរកផលចំណេញ” ដូច្នេះពួកគេមិនមកពាក់ព័ន្ធជាមួយជម្លោះកម្ពុជា-ថៃ ទេ ! លុះត្រាប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេ។ កុំរំពឹងថា ចិន ឬជប៉ុន ទៅដាក់សម្ពាធលើថៃ ឬកម្ពុជា គឺគ្មានទេ គឺរក្សាភាពស្ងៀមស្ងាត់ជានិច្ច ។

រីករាយក្នុងរដូវភ្ជុំបិណ្ឌ ១៧ កញ្ញា ២០២៥ !