ដោយ សារព័ត៌មាន មេគង្គ ញូស៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានជួបជាមួយលោក ឡរ៉េន វ៉ុង នាយករដ្ឋមន្ដ្រីសិង្ហបុរី នៅរដ្ឋធានីសិង្ហបុរី នៅថ្ងៃទី១៨ខែមិថុនានេះ។ នាយករដ្ឋមន្ដ្រីនៃប្រទេសទាំងពីរបានពិភាក្សាអំពីកិច្ចសហការលើច្រើនវិស័យឱ្យកាន់តែស៊ីជម្រៅ ដែលក្នុងនោះមានកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលកកើតឡើងវិញ និងឥណទានកាបូនផងដែរ។
សារព័ត៌មាន មេគង្គ ញូស៍ រួមជាមួយបណ្តាញអ្នកសារព័ត៌មានបរិស្ថានកម្ពុជា សូមសម្តែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចសហការរវាងប្រទេសកម្ពុជា និងសិង្ហបុរី ក្នុងក្នុងវិស័យថាមពលកកើតឡើងវិញ និងឥណទានកាបូននេះ។
គួរបញ្ជាក់ថា តាមការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ យោងតាមក្រសួងការបរទេសសិង្ហបុរី វិស័យថាមពលកកើតឡើងវិញ និងឥណទានកាបូនត្រូវបានមេដឹកនាំប្រទេសទាំងពីររកវិធីសាស្ដ្រដើម្បីធ្វើកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយគ្នា។
នៅក្នុងជំនួបកាលពីថ្ងៃអង្គារទី ១៨មិថុនា នាយករដ្ឋមន្ដ្រីកម្ពុជា និងសិង្ហបុរីបានអះអាងពីចំណុចវិជ្ជមាន ចាប់តាំងពីមានការចុះអនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការឥណទានកាបូនស្របតាមមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស កាលពីខែមេសា ឆ្នាំ២០២៣។
បើតាមក្រសួងការបរទេសសិង្ហបុរី សហប្រតិបត្តិការក្នុងវិស័យថាមពលកកើតឡើងវិញ និងឥណទានកាបូននឹងត្រូវចុះហត្ថលេខា ដាក់ឲ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខ។
ទន្ទឹមនឹងនេះ ក្រសួងការបរទេសសិង្ហបុរី បានលើកឡើងថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកឡរ៉េន វ៉ុង ក៏បានស្វាគមការបង្កើតក្រុមការងារ ឡាវ កម្ពុជា សិង្ហបុរីសម្រាប់ជួញដូរអគ្គិសនីឆ្លងដែន និងដើម្បីស្វែងរកកាតាលីករក្នុងការអភិវឌ្ឍគម្រោងជំរុញបណ្ដាញថាមពលអាស៊ានផងដែរ។
ស្របពេលជាមួយគ្នានេះ ប្រទេសសិង្ហបុរី បានយល់ព្រមតាមលក្ខខណ្ឌសម្រាប់ការនាំចូលអគ្គិសនីពីប្រទេសកម្ពុជា ឥណ្ឌូណេស៊ី និងវៀតណាម ហើយភាគីសិង្ហបុរីបានប្រកាសបន្ដគាំទ្រការអភិវឌ្ឍធនធានមនុស្ស និងសមត្ថភាពរបស់កម្ពុជា។
ជាការពិតណាស់ ផលប៉ះពាល់បរិស្ថានមិនរើសអើងជាតិសាសន៍ និងព្រំសីមានៃប្រទេសណាមួយឡើយ។ ព្រោះហេតុដូច្នេះ សារព័ត៌មាន មេគង្គ ញូស៍ យល់ឃើញថា កិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថានរវាងកម្ពជា និងសិង្ហបុរី ក៏ដូចជាជាមួយប្រទេសទាំងអស់គួរតែទទួលបានការលើកទឹកចិត្ត ដោយគ្មានព្រំដែនកំណត់៕
