ដោយ សារព័ត៌មាន មេគង្គញូស៍
នៅក្នុងជំនួបជាមួយលោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជាកាលពីថ្ងៃទី៦មិថុនាកន្លងទៅ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្តែងនូវការដឹងគុណដល់ប្រទេសរុស្ស៊ីចំពោះការផ្តល់ជំនួយគ្រប់សព្វបែបយ៉ាងនៅពេលដែលកម្ពុជាទើបរំដោះបានពីរបបខ្មែរក្រហម។
សារព័ត៌មាន មេគង្គញូស៍ សូមទទួលស្គាល់ថា ទង្វើរបស់សម្តេចតេជោ ហ៊ុន សែន ពិតជាត្រឹមត្រូវក្នុងការអរគុណសហព័ន្ធរុស្ស៊ីដែលបានជួយដល់កម្ពុជាក្នុងសម័យក្រោយសង្គ្រាម ដូចសុភាសិតដែលចែងថា «មិត្តល្អជួយគ្នាក្នុងគ្រាក្រ»។
គួរបញ្ជាក់ថា កាលពីទសវត្សរ៍៨០ ប្រទេសកម្ពុជាបានខ្ចីលុយរុស្ស៊ីចំនួន១៥០០លានដុល្លារអាមេរិកដើម្បីទិញអាវុធ និងដោះស្រាយបញ្ហាសេដ្ឋកិច្ចនាពេលនោះ។ អ្វីដែលគួរឱ្យរីករាយ ក្រោយមកក្នុងឆ្នាំ២០០៩ សហព័ន្ធរុស្ស៊ីបានសម្រេចលុបចោលបំណុល៧០ភាគរយ។ ដូច្នេះ បំណុលដែលកម្ពុជានៅជំពាក់រុស្ស៊ី គឺនៅសល់ត្រឹមចំនួន៣០ភាគរយ ឬស្មើ៤៥០លានដុល្លារ។
ជាការពិតណាស់ សារព័ត៌មាន មេគង្គញូស៍ សូមគាំទ្រគោលជំហររបស់សម្តេចតេជោ ហ៊ុន សែន ដែលបានគូសបញ្ជាក់ថា រុស្ស៊ីជាកល្យាណមិត្តដ៏យូរអង្វែងរបស់កម្ពុជា និងថា រុស្ស៊ីនឹងមិនជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។
ទន្ទឹមនឹងនេះ សារព័ត៌មាន មេគង្គ ញូស៍ ក៏សូសម្តែងនូវការស្វាគមន៍ និងឯកភាពជាមួយសម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសលើទំព័រហ្វេសប៊ុករបស់សម្តេចនៅថ្ងៃទី៧ខែមិថុនានេះថា កម្ពុជានឹងមិនចូលរួមសន្និសីទសន្តិភាពរបស់អ៊ុយក្រែននៅប្រទេសស្វីសពីថ្ងៃទី១៥ដល់១៦ មិថុនាខាងមុខនៅឡើយ។
ជាការពិតណាស់ ដូចសម្តេចតេជោគូសបញ្ជាក់ ការមិនចូលរួមរបស់កម្ពុជាគឺពីព្រោះសម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា កម្ពុជាមើលឃើញពីភាពមិនជោគជ័យនៅក្នុងសន្និសីទនោះ។
ទោះបីជាយ៉ាងណា សារព័ត៌មាន មេគង្គ ញូស៍ នៅតែគាំទ្រឱ្យមានដំណោះស្រាយសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងពេលឆាប់ៗខាងមុខ ដើម្បីបញ្ឈប់នូវសោកនាដកម្ម និងទុក្ខវេទនារបស់ប្រជាពលរដ្ឋសាមញ្ញនៅក្នុងប្រទេសទាំងពីរ ដូចសុភាសិតចែងថា «ដំរីជល់គ្នាស្លាប់តែស្រមោច។»
