ភាគីផ្សេងៗមិនគួរព្រួយបារម្ភអំពីគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោឡើយ
ដោយសារ សារព័ត៌មាន មេគង្គញូស៍
នៅឆ្នាំ២០១១ ប្រទេសតួរគីបានចាប់ផ្តើមសាងសង់ព្រែកជីកអ៊ីស្តានប៊ុល ដែលមានប្រវែង៤៥គីឡូម៉ែត្រ តភ្ជាប់ពីសមុទ្ទខ្មៅទៅកាន់សមុទ្ទម៉ម៉ារ៉ា ទោះបីជាមានការព្រួយបារម្ភអំពីការប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងបញ្ហាដទៃទៀតក្តី។
ប្រទេសតួរគីបាននិយាយថាការសាងសង់ព្រែកជីកអ៊ីស្តានប៊ុល ដែលអាចចំណាយថវិការហូតដល់២៥ពាន់លានដុល្លានេះ នឹងផ្តល់ផលចំណេញយ៉ាងច្រើនសម្រាប់ប្រទេសតួរគី ហើយវាក៏ជាការអនុវត្តតាមទស្សនៈវិស័យនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់តួរគីសម្រាប់ឆ្នាំ២០២៣ដល់ឆ្នាំ២០៥៣ផងដែរ។
នៅចំងាយជាង៧ពាន់គីឡូម៉ែត្រពីប្រទេសតួរគី នៅក្នុងប្រទេសកម្ពុជាឯណេះវិញ រាជរដ្ឋភិបាលកម្ពុជាក៏មានគម្រោងសាងសង់ព្រែកជីកថ្មីមួយ ដែលមានឈ្មោះថា «ព្រែកជីកហ្វូណនតេជោ» ដើម្បីតភ្ជាប់ផ្លូវទឹកពីរាជធានីភ្នំពេញទៅកាន់ឈូងសមុទ្ទថៃ។
ដូចគ្នានឹងគម្រោងសាងសង់ព្រែកជីកអ៊ីស្តានប៊ុលនៅប្រទេសតួរគីដែរ ភាគីផ្សេងៗបានសម្តែងនូវការព្រួយបារម្ភអំពីផលប៉ះពាល់នានាបង្កឡើងដោយការសាងសង់ព្រែកជីហ្វូណននេះ។ ទោះបីជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តរួចហើយថានឹងដាក់ឱ្យដំណើរការនៃការសាងសង់ព្រែកជីកដ៏មានសារៈសំខាន់មួយនេះ។
សារព័ត៌មានមេគង្គញូស៍ សូមសម្តែងនូវការអបអរសាទរ និងការគាំទ្រពេញទំហឹងចំពោះគម្រោងសាងសង់ព្រែកជីកហ្វូណននេះ។
គួរបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីកដែលមានប្រវែង ១៨០គីឡូម៉ែត្រដែលត្រូវបានស្នើឡើងក្នុងប្រទេសកម្ពុជា ដែលតភ្ជាប់កំពង់ផែស្វយ័តភ្នំពេញ ជាមួយក្រុងកែប និងឈូងសមុទ្រថៃ ។
ផែនការបច្ចុប្បន្ន រួមមានការសាងសង់ទំនប់ចំនួនបីដែលមានច្រកទឹក និងស្ពានចំនួន ១១។ ប្រឡាយនេះនឹងមានទទឹង ១០០ម៉ែត្រ និងជម្រៅ ៥.៤ម៉ែត្រ។ កាលបរិច្ឆេទបញ្ចប់គោលដៅគឺ ២០២៨ ហើយនឹងត្រូវបានគេរំពឹងថានឹងចំណាយអស់ ១.៧ពាន់លានដុល្លារ។
គម្រោងនេះត្រូវបានផ្តល់មូលនិធិទាំងស្រុងដោយក្រុមហ៊ុនសំណងស្ពាន និងផ្លូវរបស់ប្រទេសចិន ដែលគម្រោងនេះនឹងត្រូវបានបង្កើតឡើងក្រោមកិច្ចសន្យា BOT (សាងសង់-ប្រតិបត្តិការ-ផ្ទេរ)។
សារព័ត៌មានមេគង្គញូស៍ យល់ស្របជាមួយប្រទេសវៀតណាមដែលមានការព្រួយបារម្ភអំពីផលប៉ះពាល់ផ្នែកបរិស្ថានមួយចំនួន បណ្តាលមកពីការសាងសង់ព្រែកជីកហ្វូណននេះ។ ប៉ុន្តែ ដូច
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ វៀតណាមមិនគួរព្រួយបារម្ភអំពីបញ្ហាសន្តិសុខនៃការសាងសង់ព្រែកជីករបស់កម្ពុជាមួយនេះទេ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់គម្រោងព្រែកជីកនេះ មិនបម្រើដល់ភូមិសាស្ត្រយោធារបស់ចិននោះឡើយ។ បើតាមសម្តេចបវរធិបតី រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឱ្យមានវត្តមានទ័ពបរទេសលើទឹកដីកម្ពុជា ហើយបន្ថែមពីលើនោះ លក្ខណៈបច្ចេកទេសព្រែកជីក ដែលមានជម្រៅទឹកត្រឹម៤ ទៅ៥ម៉ែត្រ មិនអាចឱ្យនាវាកងទ័ពធ្វើចរាចរណ៍បាននោះឡើយ។
ជាការពិតណាស់ គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗ៕
ដូចឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់អ្នកសារព័ត៌មាន ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាទៅកាន់សមុទ្រមានមានសារៈសំខាន់ណាស់ ក្នុងការបន្ថយចម្ងាយ តម្លៃ នីតិវិធីបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ដែលកន្លងមកត្រូវឆ្លងកាត់ប្រទេសវៀតណាម។
នៅចុងបញ្ចប់ សារព័ត៌មានមេគង្គញូស៍សូមជូនពរឱ្យគម្រោងសាងសង់ព្រែកជីកហ្វូណនដំណើរការទៅយ៉ាងរលូន និងបញ្ចប់ជាស្ថាពរ ទៅតាមកាលបរិច្ឆេទដែលបានគ្រោងទុក។ ជាការពិតណាស់ បើវៀតណាមមានព្រែកជីកផ្ទាល់ខ្លួន ហើយតួរគី និងប្រទេសផ្សេងទៀតអាចសាងសង់ព្រែកជីករបស់គេ កម្ពុជាក៏គួរមានសិទ្ធិសាងសង់ព្រែកជីករបស់ខ្លួនដែរ៕
