កម្ពុជា-ហ្វីលីពីនបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងនារសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឧត្តមសេនីយ៍ឯក Roy M. Galido មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

លោកឧត្តមសេនីយ៍ឯក បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ហ្វីលីពីន-កម្ពុជា ជាពិសេស កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដែលត្រូវបានកសាងឡើង លើមូលដ្ឋាននៃមិត្តភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ឧត្តមសេនីយ៍ឯក ក៏បានគូសបញ្ជាក់ផងដែរថា ហ្វីលីពីនបន្តផ្ដល់អាទិភាពខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលធនធានមនុស្ស និងបញ្ជាក់ពីការបន្តចែករំលែកបទពិសោធន៍ និងការបណ្ដុះបណ្ដាលជំនាញដល់កងទ័ពជើងគោកកម្ពុជា និង បន្ត រៀនសូត្រ ពី បទពិសោធន៍ កម្ពុជា វិញផងដែរ។

ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្ដែងនូវក្ដីសោមនស្ស ដែលជួបជាមួយ ឧត្តមសេនីយ៍ឯក ជាថ្មីម្ដងទៀត និងបានផ្ដាំផ្ញើការរសួរសុខទុក្ខជូនចំពោះលោកប្រធានាធិបតី Ferdinand R. Marcos Jr. និងរង់ចាំស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី មកកាន់កម្ពុជា នាពេលខាងមុខ។ សម្តេច បវរ ធិបតី បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនប្រកបដោយផ្លែផ្កានៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ។ ជាក់ស្ដែង, ការបិទបញ្ចប់វគ្គហ្វឹកហ្វឺនថ្មីៗនេះ គឺជាសក្ខីភាពមួយនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនៃកងទ័ពជើងគោកប្រទេសទាំងពីរ។ សម្តេចបវរធិបតី សង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការ ដ៏ល្អនេះ កងទ័ពនៃប្រទេសទាំងពីរ អាចពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹក និងកងទ័ពអាកាស នៃប្រទេសទាំងពីរ ផងដែរ។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ , សម្ដេចបវរធិបតីក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសការលើកកម្ពស់សមត្ថភាពកងទ័ព ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មអ៊ីនធឺណិត ដែលកំពុងបន្តគំរាមកំហែងដល់សេដ្ឋកិច្ច និងសន្តិសុខ ក្នុងតំបន់ និងសកលលោក។ សម្ដេចលើកទឹកចិត្តឱ្យ កងទ័ពជើងគោកនៃប្រទេសទាំងពីរ បន្តសហការគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀតដេីម្បី ពង្រឹង និង ពង្រីក កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕