Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីដាក់បទបញ្ជាបើកយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញទូទាំងប្រទេស

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសបើកយុទ្ធនាការបោសសម្អាតបទឧក្រិដ្ឋឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវចុះប្រតិបត្តិការបង្ក្រាបនៅគ្រប់ទីតាំងដោយភាពម្ចាស់ការទទួលខុសត្រូវក្នុងភូមិសាស្ត្ររបស់ខ្លួន។ បើមន្ត្ត្រីណាមិនអនុវត្តតាមបទបញ្ជានេះត្រូវប្រឈមនឹងទណ្ឌកម្ម តាមរយៈការបញ្ចប់មុខតំណែង។ នេះជាការព្រមានពីនាយករដ្ឋមន្ត្រី។

ការប្រកាសនេះ បានធ្វើឡើង ក្នុងដឹកនាំកិច្ចប្រជុំជាមួយគណៈអភិបាលរាជធានី-ខេត្ត, ស្នងការនគរបាលរាជធានី-ខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត ដើម្បីត្រួតពិនិត្យការអនុវត្តប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងដាក់បទបញ្ជារសម្រាប់អនុវត្តបន្ត។

បទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងចំពេលដែលសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបច្ចុប្បន្ន បាននិងកំពុងបង្កការគំរាមកំហែង និងអសន្តិសុខទាំងក្នុងពិភពលោក និងតំបន់។ ខណៈក្រុមឧក្រិដ្ឋជនបរទេសក៏បានជ្រៀតចូលប្រទេសកម្ពុជា ដើម្បីធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងនោះ សម្ដេចធិបតិ បានបញ្ជាដល់គ្រប់ក្រសួងស្ថាប័ន អាជ្ញាធររាជធានីខេត្ត និងសមត្ថកិច្ចដែលពាក់ព័ន្ធ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធភាពខ្ពស់ចំពោះឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

ពាក់ព័ន្ធនឹងការងារនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាឱ្យកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទត្រូវធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ និងហាមឃាត់ជនបរទេសកុំឲ្យលួចឆ្លងដែនចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ទាំងតាមព្រំដែនគោក និងទាំងព្រំដែនទឹក។ ទន្ទឹមនេះ សម្ដេច បញ្ជាដល់ក្រសួងមហាផ្ទៃ ដែលមានអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាសេនាធិការ ត្រូវរៀបចំនីតិវិធីបណ្ដេញចេញចំពោះជនបរទេសដែលបានចូលមកខុសច្បាប់ ឬស្នាក់នៅខុសច្បាប់ ឬធ្វើសកម្មភាពខុសច្បាប់។

ដើម្បីចូលរួមចំណែកបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏ចង្អុលបង្ហាញឱ្យគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ត្រូវពង្រឹងការគ្រប់គ្រងនិងត្រួតពិនិត្យទីតាំងកាស៊ីណូ ឬមណ្ឌលល្បែងពាណិជ្ជកម្មដែលមានអាជ្ញាបណ្ណទាំងអស់ ដោយមិនឱ្យមានជាដាច់ខាតនូវអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ រួមជាមួយនឹងអំពើចាប់ជំរិត ធ្វើទារុណកម្ម បង្ខាំងមនុស្ស ជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ អំពើជួញដូរអាវុធ រក្សាទុកអាវុធ និងប្រើប្រាស់អាវុធដោយខុសច្បាប់ អំពើជួញដូរ ប្រើប្រាស់ និងរក្សាទុកនូវគ្រឿងញៀន និងការកសាងកម្លាំងខុសច្បាប់តាមរយៈក្រុមហ៊ុនសន្តិសុខឯកជន។

ជាមួយនឹងការដាក់ចេញបទបញ្ជា នាយករដ្ឋមន្ត្រី ក៏បានព្រមានដល់អភិបាលរាជធានីខេត្ត ស្នងការនគរបាលរាជធានីខេត្ត មេបញ្ជាការបណ្តាអង្គភាព និងក្រសួងស្ថាប័នដែលពាក់ព័ន្ធផងដែរ បើការមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្តក្នុងរូបភាពណាមួយ ត្រូវជាកម្មវត្ថុនៃការវាយតម្លៃក្នុងការតែងតាំង ផ្លាស់ប្តូរ ឬបញ្ចប់មុខតំណែង។

គួរជម្រាបថា បន្ទាប់ពីចេញបទបញ្ជានេះមួយថ្ងៃ ពោលគឺនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំជាមួយគណៈអភិបាលរាជធានីខេត្ត ស្នងការនគរបាលរាជធានីខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្ត ដើម្បីត្រួតពិនិត្យការអនុវត្តប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងដាក់បទបញ្ជារសម្រាប់អនុវត្តបន្តផងដែរ៕