Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការជួយកម្ពុជា ចុះកិច្ចព្រមព្រៀងស្តីពី សាលាសណ្ឋាគារ សាលាបាយ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបដិសណ្ឋារកិច្ច

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការជួយកម្ពុជា (Agir pour le CAMBODGE) នារសៀលថ្ងៃពុធ ទី៩ ខែកក្កដា ឆ្នាំ២០២៥ បានចុះកិច្ចព្រមព្រៀងស្ដីពី សាលាសណ្ឋាគារ សាលាបាយ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈបដិសណ្ឋារកិច្ច ដើម្បីផ្តល់ការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចដោយឥតគិតថ្លៃ ដល់យុវជន/យុវនារីកម្ពុជា ដែលមានជីវភាពខ្វះខាត។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ រៀបចំឡើងនៅទីស្ដីការក្រសួង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក Jérôme l’Hour នាយកប្រចាំប្រទេសកម្ពុជា នៃអង្គការជួយកម្ពុជា (Agir pour le CAMBODGE) ក្នុងគោលដៅរៀបចំឯកសារបណ្តុះបណ្តាល និងកម្មវិធីសិក្សាផ្លូវការទៅលើវិស័យបដិសណ្ឋារកិច្ចក្នុងប្រទេសកម្ពុជា ដោយសហការជាមួយនឹងស្ថាប័នជាតិនានា ព្រមទាំងបង្កើតរចនាសម្ព័ន្ធគ្រប់គ្រងអង្គការ និងពង្រឹងការកសាងសមត្ថភាពដល់បុគ្គលិក។

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះគម្រោង សាលាសណ្ឋាគារ សាលាបាយ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈបដិសណ្ឋារកិច្ច ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រីកពង្រឹងគុណភាព ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈទាក់ទងនឹងវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ចនៅក្នុងប្រទេសកម្ពុជា។

ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា៖«តាមរយៈកិច្ចព្រមព្រៀងនេះ ខ្ញុំគិតថា យើងមានកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីចែករំលែកចំណេះដឹង បទពិសោធនានាទាក់ទងនឹងវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច។ ខ្ញុំសង្ឃឹមថា កិច្ចព្រមព្រៀងរបស់យើងអាចនឹងជួយពង្រឹងសមត្ថភាពជនបង្គោល និងគ្រូបង្ហាត់បង្រៀនជំនាញសណ្ឋាគារ និងបដិសណ្ឋារកិច្ច ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ននេះ»។

លោក Jérôme l’Hour នាយកប្រចាំប្រទេសកម្ពុជា នៃអង្គការជួយកម្ពុជា (Agir pour le CAMBODGE) បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ហើយប្ដេជ្ញាបង្កើនកិច្ចសហការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីចែករំលែកចំណេះដឹងទៅតាមស្ដង់ដាអន្តរជាតិសម្រាប់យុវជនកម្ពុជា។

លោកបានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានជួយសម្របសម្រួលគម្រោងស្ដីពី សាលាសណ្ឋាគារ សាលាបាយ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ បដិសណ្ឋារកិច្ចឱ្យដំណើរការរលូន ដើម្បីរួមចំណែកក្នុងការបណ្ដុះបណ្ដាលជំនាញសណ្ឋាគារ និងបដិសណ្ឋារកិច្ចសម្រាប់បម្រើឱ្យវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា៕

#MLVT #HENGSour