ឧត្តមានជ័យ៖កម្ពុជាបិទច្រកព្រំដែនជប់គគីរ និងច្រកជាំ ឆ្លើយតបទៅឧត្តមសេនីយ៍ឯក Boonsin ភាគីថៃនឹងបិទច្រកសាយតាគូ-ជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
នេះបើតាមសម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា កាលពីយប់ថ្ងៃទី២១ មិថុនា យោធភូមិភាគ២ នៃកងទ័ពថៃទើបបានចេញលិខិតជូនដំណឹងថា ភាគីថៃនឹងបិទច្រកសាយតាគូ-ជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃនេះតទៅ។
ខ្ញុំបានឯកភាពឱ្យរដ្ឋបាលខេត្តឧត្តរមានជ័យ សម្រេចបិទច្រកនេះខាងកម្ពុជាជាអចិន្ត្រៃយ៍វិញដែរគឺ ច្រកជប់គគីរ និងបិទច្រកមួយបន្ថែមទៀតតែម្ដង គឺច្រកទ្វារព្រំដែនជាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃនេះតទៅ ហើយឱ្យជូនដំណឹងទៅភាគីថៃវិញផងដែរ។

ឧត្តមសេនីយ៍ឯក Boonsin Padklang មេបញ្ជាការកងទ័ពភូមិភាគទី២ បានបញ្ជារឲ្យបិទច្រកព្រំដែន Chong Sai Taku ក្នុងខេត្តភាគឦសាននេះ ជាប់ព្រំដែនកម្ពុជា។
ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន បានដាក់បញ្ជាឱ្យបិទច្រកព្រំដែនបណ្ដោះអាសន្ននៅឃុំចាន់ថបភេត នៃស្រុកបានគ្រឹត កាលពីថ្ងៃសៅរ៍។ បទបញ្ជានេះត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់យោធភូមិភាគទី២ កាលពីយប់ថ្ងៃសៅរ៍។

ច្រកព្រំដែន Chong Sai Taku នៅក្នុងស្រុក Ban Kruat ខេត្ត Buri Ram ទល់មុខច្រកជប់គគីរ ស្រុកបន្ទាយអំពិល
នេះបើតាមបញ្ជាមួយទៀតរបស់កងទ័ពភូមិន្ទថៃ ដែលបានអនុញ្ញាតឲ្យកងទ័ពជើងគោកភូមិភាគទី២ គ្រប់គ្រងការបើក និងបិទច្រកព្រំដែនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីសុវត្ថិភាពសាធារណៈ ការការពារទឹកដី និងសន្តិសុខរបស់ថៃ។
មុននេះ ច្រកព្រំដែន Chong Sai Taku ត្រូវបានបើកជារៀងរាល់ថ្ងៃ ដើម្បីជួយសម្រួលដល់ពាណិជ្ជកម្មព្រំដែន ការវិនិយោគ និងទេសចរណ៍។
ច្រកព្រំដែនចុងសៃតាគុ ស្ថិតនៅទល់មុខច្រកជប់គគីរ ក្នុងខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា។

ជម្លោះព្រំដែនជាមួយកម្ពុជាបាននិងកំពុងកើនឡើងចាប់តាំងពីថៃបានចូលទៅក្នុងតំបន់មុំបី របស់កម្ពុជា ក្នុងខេត្តព្រះវិហារកាលពីខែមេសា។
បន្ទាប់មក កម្ពុជាបាននាំយកតំបន់ជម្លោះចំនួនបួនប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ។ ប៉ុន្តែ ថៃគេចវេសមិនហ៊ានទៅទេ។
ក្រោយមក ប្រទេសថៃបានដាក់កម្រិតម៉ោងបើកច្រកព្រំដែនជាមួយកម្ពុជា ជាក់ស្តែង ធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការនៃកន្លែងកម្សាន្ត និងកាស៊ីណូរបស់កម្ពុជានៅជិតព្រំដែន។
ឆ្លើយតបទង្វើរបស់ទាហានថៃ កម្ពុជាបានបិទព្រំដែនហើយបានទាមទារម្តងហើយម្តងទៀត ឱ្យមានការស្តារឡើងវិញនូវម៉ោងបើកធម្មតានៃច្រកព្រំដែនជាមួយប្រទេសថៃ។