Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

 សម្តេចធិបតី៖ ការយកជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ទៅ ICJ មិនមែនជាការបញ្ឆេះសង្គ្រាមទេ តែជាការរំលត់​បញ្ហា

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការយកជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ទៅ ICJ មិនមែនជាការបញ្ឆេះសង្គ្រាមទេ តែជាការរំលត់​បញ្ហា។ តុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រេចបែបណា កម្ពុជានឹងទទួលយក។ សម្តេចធិបតី ហ៊ុន ម៉ាណែត​បានរថ្លែងសុន្ទរកថាសំណេះសំណាលនៅខត្តរតនគិរីនាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។

ទោះបីយ៉ាងណាសម្តេចហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា មិនបោះបង់យន្តការទ្វេភាគីនោះឡើយ ក្នុងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា ប្តឹងទៅកាន់តុលាការ ICJ ក៏ដូចជាការបញ្ចប់កិច្ចសហប្រតិបត្តិការ CLV មិនមែនធ្វើតាមការលើកឡើងរបស់ក្រុមប្រឆាំងនោះឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តុលាការយុត្តិធម៌អន្តរជាតិ ICJ មានបណ្តឹងច្រើនណាស់សម្រាប់ដោះស្រាយ មិនមែនអង្គុយចាំតែដោះស្រាយរឿងរបស់កម្ពុជានោះទេ។ ការទទួលយកបណ្តឹង គឺគេពិនិត្យលើបញ្ហានោះល្អិតល្អន់ណាស់។

ទោះបីយ៉ាងណាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនចង់ឱ្យបញ្ហាព្រំដែនជាមួយប្រទេសជិតខាងដែលបន្សល់រាប់រយឆ្នាំមកនោះ ឱ្យបន្តនៅស្រពិចស្រពិល និងបង្កើតជាបញ្ហាបន្តទៀតនោះឡើយ។ អាស្រ័យហេតុនេះហើយ ទើបរាជរដ្ឋាភិបាលប្រកាន់យកជំហរប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់កងទ័ពទាំងអស់ ដែលបានត្រៀមលក្ខខណៈរួចជាស្រេចក្នុងការឆ្លើយតប បើមានការឈ្លានពានដោយកម្លាំងប្រដាប់អាវុធ៕