Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រដ្ឋាភិបាល កម្មករ និងសហជីពរាប់ម៉ឺននាក់មកពីគ្រប់និន្នាការ បានរីករាយនិងសាទរក្នុងការប្រារព្ធទិវាពលកម្មអន្តរជាតិ១ឧសភា ក្រោមម្លប់សន្តិភាពដែលទទួលបានសិទ្ធិពេញលេញស្របតាមច្បាប់

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល កម្មករ កម្មការិនី និងសហជីព រួមទាំងអ្នកពាក់ព័ន្ធក្នុងវិស័យលើកកម្ពស់សិទ្ធិការងារនៅទូទាំងប្រទេសប្រមាណជិត៣ម៉ឺននាក់មកពីគ្រប់និន្នាការនយោបាយ បានប្រារព្ធទិវាពលកម្មអន្តរជាតិ១ឧសភាលើកទី១៣៩ យ៉ាងអធិកអធម រីករាយ និងមានសេរីភាពពេញលេញក្រោមម្លប់សន្តិភាពដែលបានផ្តល់សិទ្ធិពេញលេញស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមបទដ្ឋានអន្តរជាតិខាងការងារដែលបង្ហាញពីសួនផ្កាចម្រុះពណ៌ក្នុងសួនសុខសន្តិភាពរបស់កម្ពុជាដែលបង្កើតឡើង និងបន្តថែរក្សាដោយរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា៖ “ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភាឆ្នាំនេះ បានប្រព្រឹត្តទៅដោយបរិយាកាសរីករាយ ស្និទ្ធស្នាល និងមានការចូលរួមកាន់តែសកម្ម និងផលផុសពីគ្រប់ភាគីពាក់ព័ន្ធក្រោមម្លប់សុខសន្តិភាពនៅកម្ពុជាដែលបាននាំមកនូវស្ថិរភាពអាជីវកម្មសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ អធ្យាស្រ័យល្អរវាងកម្មករនិយោជិតនិងនិយោជក ប្រសិទ្ធភាពនៃយន្តការត្រីភាគីការលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ លក្ខខណ្ឌការងារកាន់តែល្អប្រសើរ យន្តការដោះស្រាយការងារកាន់តែមានប្រសិទ្ធភាពដោយឈរលើគោលការណ៍ច្បាប់ជាធរមានរបស់កម្ពុជា និងបទដ្ឋានអន្តរជាតិខាងការងារ”។

បើតាមអ្នកនាំពាក្យដដែលរូបនេះ ក្នុងថ្ងៃប្រារព្ធទិវាពលកម្មអន្តរជាតិដ៏រីករាយ និងអធិកអធម ហើយក្លៀវក្លានេះ រាជរដ្ឋាភិបាល ក្រសួង កម្មករ សហជីព និងអ្នកពាក់ព័ន្ធផ្សេងទៀតប្រមាណជាង៣ម៉ឺននាក់នៅទូទាំងប្រទេសមកពីគ្រប់និន្នាការ បានប្រារព្ធទិវាពលកម្មអន្តរជាតិនេះនៅទីតាំងផ្សេងៗគ្នាដែលជាការបង្ហាញពីផ្កាចម្រុះពណ៌នៃសួនសុខសន្តិភាពរបស់កម្ពុជាបង្កើតឡើង និងបន្តថែរក្សាដោយរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

អ្នកនាំពាក្យរូបនេះបន្តថា រោងចក្រចំនួន ៤១ បានរៀបចំកម្មវិធីអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលមានកម្មករនិយោជិតចូលរួមប្រមាណជាង ១ម៉ឺននាក់ ខណៈដែលមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត បានធ្វើជាសេនាធិការជូនរដ្ឋបាលរាជធានី ខេត្ត ក្នុងការរៀបចំអបអរសាទរទិវាពលកម្មអន្ដរជាតិ ១ ឧសភា ទៅតាមទីកន្លែង និងកម្មវិធីរៀងៗខ្លួនប្រកបដោយ បរិយាកាសរីករាយ និងស្និទ្ធស្នាល។

ជាមួយគ្នានេះ កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាចំនួន ៥ ៦៩៦នាក់ ហើយដោយឡែកនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួន ២ ៧១០នាក់ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀង។

បន្ថែមពីនេះ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ មានរៀបចំអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្ម អន្តរជាតិ ចំនួន ៤ទីតាំង និងទីតាំងផ្សេងៗទៀត ដូចជានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្តី្រ និងទីតាំងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ, សួនច្បារកោះនរាហ៍, សួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានរៀបចំកម្មវិធីជួបជុំ ដោយសហភាពសហជីពចំនួន ២៤ សម្ព័ន្ធសហជីព អង្គការ សង្គមស៊ីវិល និងដៃគូសង្គម ដែលមានអ្នកចូលរួមសរុបប្រមាណ ៤ ៦០០នាក់ ព្រមទាំងមានការប្រគល់ញត្តិជូនតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងរដ្ឋសភា និងតំណាងខុទ្ទកាល័យសម្ដេចធិបតី។

លោក ស៊ុន មេសា៖ “ការរៀបចំប្រារព្ធយ៉ាងអធិកអធម និងរីករាយនេះគឺជាមនុញ្ញផលក្រោមម្លប់សុខសន្តិភាពដ៏ត្រជាក់នៅកម្ពុជាដែលបានផ្តល់ឱកាសពេញលេញដល់គ្រប់សហជីព និងអង្គការវិជ្ជាជីវៈឱ្យប្រារព្ធនិងសំដែងមតិយ៉ាងទូលំទូលាយដែលស្តែងពីលំហនៃសិទ្ធិសេរីភាពនៅកម្ពុជាដែលរាជរដ្ឋាភិបាលគ្រប់អាណត្តិជាពិសេសអាណត្តិទី៧នេះបានបន្តផ្តល់ និងលើកកម្ពស់ឥតឈប់ឈរទាំងផ្នែកជីវភាព និងសិទ្ធិការងារគ្រប់បែបយ៉ាងដែលធ្វើឱ្យវិស័យការងារនៅកម្ពុជារីកចម្រើនគួរជាទីមោទនៈដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបចង់បាន និងពេញចិត្ត”៕