ភ្នំពេញ៖ ស្ថានីយទូរទស្សន៍ PNN បានបដិសេធសេចក្តីរាយការណ៍របស់The Cambodia Daily Khmer ចោទថា អ្នកឧកញ៉ា លី យ៉ុងផាត់ យកស្ថានីយទូរទស្សន៍ PNN ធ្វើជាទីតាំងរកស៊ីបើកល្បែងអនឡាញនិងបង្ខាំងមនុស្ស ជាការប្រឌិត និងជាព័ត៌មានក្លែងក្លាយ។
យោងតាមសេចក្តីប្រកាសបដិសេធរបស់គណៈគ្រប់គ្រងស្ថានីយទូរទស្សន៍ PNN សូមប្រកាសបដិសេធចោលទាំងស្រុងចំពោះព័ត៌មាន ដែលផ្សាយដោយគណនីហ្វេសប៊ុកឈ្មោះ Cambodia Daily Khmer កាលពីយប់ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២៤ ដែលនិយាយប៉ះពាល់ដល់ស្ថានីយទូរទស្សន៍ PNN ។ គណៈគ្រប់គ្រងស្ថានីយទូរទស្សន៍ សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា ទាំងរូបភាពនិង ខ្លឹមសារដែលផ្សាយដោយ Cambodia Daily Khmer គឺសុទ្ធសឹងជារូបភាពនិងព័ត៌មានមិនពិតទាំងអស់ ពីព្រោះទីតាំងដែលគេបានបង្ហាញនោះមិនមែនជាស្ថានីយទូរទស្សន៍ PNN នោះទេ។
ការបដិសេធនេះ បានធ្វើឡើង ឆ្លើយតបThe Cambodia Daily Khmer បានរាយការណ៍ក្នុងរបាយការណ៍របស់ខ្លួនដោយចោទថា អ្នកឧកញ៉ាសញ្ជាតិខ្មែរ-ថៃ លី យ៉ុងផាត់ ដែលត្រូវក្រសួងហិរញ្ញវត្ថុអាមេរិក បានសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិរបស់លោក ដោយសារជាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងពលកម្មដោយបង្ខំក្នុងជំនួញឆបោកតាមអនឡាញ និងរូបិយប័ណ្ណគ្រីបតូ (Crypto Currency) កំពុងយកស្ថានីយទូរទស្សន៍ ភីអិនអិន (PNN) រកស៊ីបើកលេងល្បែងស៊ីសងតាមអនឡាញ ជាទីតាំងបង្ខាំងមនុស្ស ចាប់ជំរិតមនុស្ស និងចាប់បង្ខំមនុស្សឲ្យរកស៊ីឆបោកតាមប្រព័ន្ធអនឡាញដ៏ធំនៅកម្ពុជា។
The Cambodia Daily Khmer បានចោទទៀតថា ស្តេចកោះកុង (King of Koh Kong) អ្នកឧកញ៉ាសញ្ជាតិខ្មែរ-ថៃ លី យ៉ុងផាត់ ឬហៅជាឈ្មោះថៃ ថា ផាត់ ស៊ុផាផា (Phat Suphapha) ត្រូវបានរកឃើញថាកំពុងយកស្ថានីយទូរទស្សន៍ ភីអិនអិន (PNN) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ធ្វើអាជីវកម្មល្បែងស៊ីសងតាមអនឡាញ ជាទីតាំងបង្ខាំងមនុស្ស ចាប់ជំរិតមនុស្ស និងបង្ខំមនុស្សឲ្យរកស៊ីឆបោកតាមប្រព័ន្ធអនឡាញដ៏ធំរបស់ឧក្រិដ្ឋជនជនជាតិចិន នៅកម្ពុជា។
The Cambodia Daily Khmer បានប្រើប្រភពពីបុគ្គលិករបស់លោក លី យ៉ុងផាត់ ដែលធ្វើការនៅក្នុងស្ថានីយទូរទស្សន៍ ភីអិនអិន (#PNN) បានលាតត្រដាងប្រាប់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ឧក្រិដ្ឋជនចិន បានយកស្ថានីយទូរទស្សន៍ ភីអិនអិន (PNN) បើកប្រតិបត្តិការរកស៊ីបើកលេងល្បែងស៊ីសងតាមអនឡាញល្មើសច្បាប់នៅក្នុងស្ថានីយទូរទស្សន៍ដែលមានអាជ្ញាបណ្ណ។
ចំពោះសេចក្តីរាយការណ៍របស់ The Cambodia Daily Khmer នេះ គណៈគ្រប់គ្រងស្ថានីយទូរទស្សន៍ PNN ក៏សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបផងដែរថា ស្ថានីយទូរទស្សន៍ PNN គឺជាបណ្តាញផ្សាយព័ត៌មានស្របច្បាប់ និងប្រកបដោយវិជ្ជាជីវៈ ហើយមិនត្រូវ បានប្រើប្រាស់ជាទីតាំងប្រព្រឹត្តិអំពើខុសច្បាប់ណាមួយដូចការចោទប្រកាន់ពីសំណាក់ក្រុមទុច្ចរិតប្រឌិត ព័ត៌មានក្លែងក្លាយខាងលើនោះឡើយ៕
