កោះកុងៈ ពងកូនក្រពើភ្នំសរុបចំនួន ៤៣ត្រូវបានរកឃើញបន្ថែមទៀត ក្នុងឆ្នាំ២០២៥នេះ នៅតំបន់ឆាយរាប ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង និងអូរសោមនៃឧទ្យានជាតិជួរភ្នំក្រវាញ។
ក្រុមអភិរក្សរំពឹងថា ពងទាំងនេះនឹងញាស់នៅក្នុងខែសីហាខាងមុខនេះ។

រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋាន បានរកឃើញសំបុកពងកូនក្រពើភ្នំចំនួន៣ នៅឧទ្យានជាតិជួរភ្នំក្រវាញ កាលពីដើមខែមិថុនា ឆ្នាំ២០២៥នេះ។ សំបុកទាំងនោះមានពងសរុបចំនួន ៤៣គ្រាប់។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួម នៅថ្ងៃពុធ ទី២៥ ខែមិថុនានេះ។
សេចក្តីប្រកាសបញ្ជាក់ថា៖«ក្នុងចំណោមពងសរុបចំនួន ៤៣ នេះ ពងដែលមានលទ្ធភាពបង្កកំណើតបានមានចំនួន ៣៤គ្រាប់ ដែលត្រូវបានយាមការយ៉ាងម៉ត់ចត់ពីសំណាក់មន្ត្រីជំនាញរបស់យើង និងសហគមន៍មូលដ្ឋាន ហើយពងទាំងនេះរំពឹងថានឹងញាស់នៅចន្លោះខែសីហាខាងមុខនេះ»។
ក្រសួងបានលើកឡើងថា ក្រពើភ្នំ គឺជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងធម្មជាតិ។ ការរកឃើញជាបន្តបន្ទាប់រយ:ពេល២ឆ្នាំចុងក្រោយនេះ បង្ហាញពីភាពជោគជ័យនៃការងារអភិរក្សក្រពើភ្នំ។ នេះបញ្ជាក់ថា តំបន់ជួរភ្នំក្រវាញនេះ គឺជាជម្រកដ៏សំខាន់បំផុតសម្រាប់សត្វក្រពើធម្មជាតិ ហើយផ្តល់នូវក្តីសង្ឃឹមសម្រាប់ការកើនឡើងនៃប្រភេទនេះនៅក្នុងធម្មជាតិ។
