ខេត្តស្ទឹងត្រែង៖ពលរដ្ឋមានការសង្ស័យចំពោះអាជ្ញាធរខេត្តស្ទឹងត្រែងបានអនុញ្ញាតឱ្យលោក ឡុង សុភាធ្វើអាជីវកម្មយកខ្សាច់បក នៅតំបន់ភូមិកញ្ចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។ក្នុងអាជ្ញាបណ្ណនេះមានសុពលភាពចាប់ពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ២០២៥។ ប៉ុន្តែ អ្នកទទួលខុសត្រូវ ទីតាំងនេះបានដាក់កម្លាំងការពារបិទមិនឲ្យប្រជាពលរដ្ឋចេញចូលយ៉ាងអាថ៌កំបាំង។

ទាក់ទងការដ្ឋានខ្សាច់បកនេះ លោក ស៉ីង ម៉ាន់ មេឃុំស្រែសំបូរ ស្រុកសៀមប៉ាង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននាព្រឹកថ្ងៃទី២ខែឧសភា ឆ្នាំ២០២៥នេះ ៖« គេមានអាជ្ញាបណ្ណក្រុមហ៊ុនហ្នឹងបានចូលធ្វើជាង ២ ខែមកហើយ ហើយមិនបានទំនាក់ទំនងមក អាជ្ញាធរឃុំអីដែរ បើខេត្តគេចុះហត្ថលេខាក៏ឃុំមិនហ៊ានដែរ»។ លោកបន្តថាក្រុមហ៊ុននោះមិនបានជួយអភិវឌ្ឍឃុំអីនោះឡើយ។

ប្រជាពលរដ្ឋរាយការណ៍ថា មុនដំបូងមានមនុស្សមួយក្រុមចូលមកមើលក៏បានដាក់ឧបករណ៍ខួងដីជាច្រើនកន្លែងក្រោយមកទៀតក៏មានគ្រឿងចក្រចូលឈូសឆាយជីកកកាយដីព្រៃជាហូរហែ ក្រោយមកទៀតទើបឃើញមានដំឡើងឧបករណ៍គ្រឿងដែកធំៗហើយគេនិយាយតៗគ្នា ថា គេធ្វើរ៉ែមាស។

ក្នុងអាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែ (សម្រាប់អាជ្ញាបណ្ណយកខ្សាច់បក)ចេញដោយរដ្ឋបាលខេត្តលេខ៩០២/២៤ លបជ បានសម្រេចដោយប្រការ
១.អនុញ្ញាតឱ្យលោក ឡុង សុភាដែលមានអាស័យដ្ឋាននៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ធ្វើអាជីវកម្មយកខ្សាច់បក នៅតំបន់ភូមិកញ្ចាញទឹក ឃុំស្រែសំបូរ ស្រុកសៀម
ប៉ាង ខេត្តស្ទឹងត្រែង ។ ប្រការ២.លោក ឡុង សុភា ត្រូវដំណើរការប្រតិបត្តិការធនធានរ៉ែក្នុងដែនអាជ្ញាបណ្ណ និងស្របតាមសេចក្តីសម្រេចលេខ១២៦/២៤ ស.ស.រ ស្តីពីលក្ខខណ្ឌនៃអាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែ (សម្រាប់យកខ្សាច់បក)។ប្រការ៣.អាជ្ញាបណ្ណនេះមានសុពលភាពចាប់ពីថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៥។
យោងតាមលក្ខខណ្ឌអាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែចេញដោយរដ្ឋបាលខេត្តលេខ១២៦/២៤ស.ស.រ
បានសម្រេចត្រង់ចំណុច ប្រការ៣.លក្ខខណ្ឌបច្ចេកទេស ក្នុងការធ្វើប្រតិបត្តិការធនធានរ៉ែ សម្បទាននិកកាន់អាជ្ញាបណ្ណត្រូវគោរពតាមលក្ខខណ្ឌបច្ចេកទេសដូចខាងក្រោម៖ប្រើប្រាស់តែគ្រឿងចក្រដែលបានអនុញ្ញាតដូចក្នុងតារាងខាងក្រោម ៖១.ម៉ាស៊ីនបូម កែច្នៃ ០១គ្រឿង កម្លាំង៣០សេះ ។ ២.ហ្សាហ្សើ ម៉ាកខេត ០១គ្រឿង ៣.អ៉ិចស្កាវ៉ាទ័រ ម៉ាកខេត ០១គ្រឿង ។ ៤.រថយន្តដឹក ម៉ាកហ៉ីយ៉ានដាយ ០២គ្រឿង ។ ៥.ទុយោ មានមុខកាត់១០០Cm ។
តែនៅកណ្ដាលទីតាំងនោះបែ
ជាបញ្ឈរគ្រឿងឧបករណ៍ដែកខ្នាតយក្សផ្ទុយពីលក្ខខណ្ឌក្នុងអាជ្ញាបណ្ណដែលរដ្ឋបាលខេត្តអនុញ្ញាតនោះទៅវិញ។
លោក ម៉ែន គុង នាយករដ្ឋបាលរងនិងជាអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងលោកបានឆ្លើយតាមសារតេឡេក្រាមថា៖បាទខ្ញុំទទួលបាននៅរូបភាព ប៉ុន្តែខ្ញុំក៏មិនទាន់អាចហ៊ានសន្និដ្ឋានថា សកម្មភាពហ្នឹងជាសកម្មភាពរកមាសឬទេព្រោះយើងមិនអាចសន្និដ្ឋានដោយគ្មានជំនាញជាក់លាក់នោះទេ ? ហើយបើមានអ្នកជំនាញជាក់លាក់ថារឿងរកមាសហ្នឹងគាត់បញ្ជាក់មោ តើឃើញគេរកមាសដែរឬទេ អាហ្នឹងបានយើងអាចរាយការណ៍ទៅថ្នាក់ដឹកនាំសុំគោលការណ៍អនុវត្តវិធានការផ្សេងៗបាន ជួនកាលម៉ាស៊ីននិងវាអាចមានពហុបំណងក្នុងការប្រើប្រាស់អាហ្នឹងយើងអាចថា អញ្ចឹងបាននេះជាចំណុចមួយដែលខ្ញុំឧទាហរណ៍ទេ ខ្ញុំមិនសន្និដ្ឋានថាយ៉ាងម៉េចទេ?

លោកបន្តថា ជួនកាលយើងសន្និដ្ឋានគេបាន ថាគេមិនទៅរកខ្សាច់ គេទៅរកមាស ស្រាប់តែគេមានភាពជាក់លាក់ណាមួយជាបច្ចេកទេសរបស់គេ គេថា ខ្សាច់ អានោះជាការខុសរបស់យើងវិញ? ហើយបើសិនទទួលបានព័ត៌មានហើយផ្នែកមានសមត្ថកិច្ចនិងចាប់ផ្ដើមមាននីតិវិធីពិនិត្យល្បាយជាក់ស្ដែង បើខុសនីតិវិធីមែន យើងអនុវត្តទៅតាមគោលការណ៍ហ្នឹងទៅដូចជាមិនមានអីសង្ស័យច្រើនទេ ពេលបច្ចុប្បន្ននេះយើងត្រូវបង្ហាញអំពីភាពច្បាស់លាស់និងជាក់លាក់ជាមួយគ្នាលើការងារសង្គម។
លោកបន្ថែមថា ជាជំហររបស់ថ្នាក់ដឹកនាំខេត្តលោកបានបញ្ជាក់ហើយបញ្ជាក់ទៀតសុំអីធ្វើហ្នឹងអនុញ្ញាតអីធ្វើហ្នឹង ធ្វើតាមគោលការណ៍ ចំពោះក្រុមហ៊ុនផ្នែកឯកជនទាំងអស់ដែលរួមចំណែកក្នុងការងារលើកកម្ពស់ផ្នែកសេដ្ឋកិច្ចសង្គម ហើយពិសេសមិនធ្វើឲ្យប៉ះពាល់ដល់ធនធានធម្មជាតិ ប៉ះពាល់ទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំខាន់លើកកម្ពស់ជីវភាពរស់នៅកាត់បន្ថយភាពក្រីក្រអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច សង្គមមួយប្រកបដោយនិរន្តរភាពនិងចីរភាពអាហ្នឹងជាគោលជំហររបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត។
លោកថា សម្រាប់យើងខ្ញុំជាអ្នកនាំពាក្យគឺចាំទទួលរឿងទាំងអស់នៅព័ត៌មាន ហើយប្រសិនថាមានព័ត៌មានជាក់លាក់ណាមួយហើយ គឺមានតែបន្តរាយការណ៍ជូនទៅថ្នាក់ដឹកនាំសុំគោលការណ៍ និងចាត់វិធានការទៅតាមសមត្ថកិច្ចនិងសិទ្ធិអំណាចរបស់លោកតែប៉ុណ្ណឹងទេ។

លោកស្រី ញ៉ែម សុម៉ាលី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តស្ទឹងត្រែងបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានកាលពីព្រឹថ្ងៃទី២ឧសភា២០២៥នេះថា៖ បើសិនក្រុមហ៊ុនធ្វើផ្ទុយពីអាជ្ញាបណ្ណខាងមន្ទីរនឹងធ្វើការផាកពិន័យ និងបញ្ឍប់ការធ្វើអាជីវកម្ម ។ លោកស្រីបន្ថែមថា៖ខ្ញុំនឹងចាត់មន្រ្តីចុះទៅពិនិត្យមើល ។
