Connect with us

Hi, what are you looking for?

Mekong News

បរិស្ថាន

ដំរីព្រៃចំនួនមួយក្បាល ត្រូវបានប្រទះឃើញស្លាប់ក្នុងរណ្ដៅគ្រាប់បែក នៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ ដំរីព្រៃ ឬដំរីអាស៊ី ឈ្មោល១ក្បាល អាយុប្រហែល៣០ឆ្នាំ និងមានទំងន់ប្រមាណ៣តោន ត្រូវបានអ្នកភូមិប្រទះឃើញស្លាប់នៅក្នុងរណ្ដៅគ្រាប់បែក ដែលបន្សល់ទុកតាំងពីសម័យសង្រ្គាមមួយកន្លែង ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤។

លោក ឌិន ប៊ុនធឿន ប្រធានស្តីទីមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានឱ្យដឹងថា ក្រុមការងារជំនាញនៅលើទីតាំង បានសន្និដ្ឋានជំហានដំបូង ថាដំរីព្រៃមួយក្បាលនេះ ប្រហែលជាប់ផុងមួយរយៈពេលមុននឹងស្លាប់ ក្នុងយៈពេល១ថ្ងៃទៅ២ថ្ងៃ មុនពេលអ្នកស្រុកបានប្រទះឃើញ និងបានរាយការណ៍មកមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី។ តាមការពិនិត្យដោយផ្ទាល់ សពដំរីមានស្នាមរបួសជើងមុខ ហើយជាដំរីមួយក្នុងចំណោម ហ្វូងរបស់វាមានចំនួនពី១០ទៅ២០ក្បាល ធ្លាប់បានបង្ហាញខ្លួន នៅតំបន់នេះម្តងមកហើយ កាលពីខែមេសា កន្លងទៅ។

សូមបញ្ជាក់ថា ដំរីព្រៃ ឬដំរីអាស៊ី គឺជាប្រភេទសត្វដែលស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វងាយរងគ្រោះ ជិតផុតពូជនៅលើសកលលោក។ ដំរីនៅអាស៊ី មានប្រមាណពី ៤ទៅ ៥មុឹនក្បាល ដែលកំពុងរស់នៅក្នុងព្រៃសព្វថ្ងៃ ក្នុងនោះប្រហែល ៧៥ភាគរយរស់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា។
ចំណែកនៅទូទាំងប្រទេសកម្ពុជា ដំរីអាស៊ីមានប្រមាណពី ៤០០ ទៅ ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី ខេត្តរតនគិរី ដែលជាតំបន់ជីវៈចម្រុះ ដ៏សំបូរបែបប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផល ដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត៕